ខេត្តស្វាយរៀង ៖ លោក ប្រាក់ សុវណ្ណ អភិបាលរង ខេត្តស្វាយរៀងនិង លោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការត្រួតពិនិត្យ ផ្គូរផ្គងបញ្ជីសារពើភណ្ឌ តារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០១៨ ។
ពិធីនេះបានប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ -អង្គភាពជំនាញនានាក្នុងខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត ។
ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំត្រួតពិនិត្យផ្គូរផ្គង បញ្ជីសារពើភណ្ឌ តារាងប្រៀបធៀបកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០១៨ របស់ខេត្តស្វាយរៀងនេះ គឺអនុវត្តដោយអនុលោមតាមអនុក្រឹត្យលេខ ៦៦ សារាចរលេខ ០៧ របស់រាជរដ្ឋាភិបាល លិខិតលេខ ១២១០៨ និង១២១០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺតម្រូវឲ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់រៀបចំតារាងប្រៀបធៀបកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំចន្លោះឆ្នាំគោល ។
ដូចនេះដើម្បីឲ្យការពិនិត្យ ផ្គូរផ្គងដំណើរការបានដោយរលូននោះ គ្រប់មន្ទីរ -អង្គភាពជំនាញក្នុងខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានសាលាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ យកចិត្តទុកដាក់រៀបចំបញ្ជីសារពើភណ្ឌ(តារាងប្រៀបធៀបកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០១៨)ឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ គតិយុត្តជាធរមាន ទទួលខុសត្រូវលើភាពត្រឹមត្រូវ ភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលា ហើយក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានស្នើដល់លោក លោកស្រីជាប្រធានមន្ទីរ -អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមក្នុងការផ្គូផ្គងតារាងប្រៀបធៀបកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០១៨ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាមីឲ្យបានគ្រប់ពេលតាមកម្មវិធីដែលបានដាក់ជូន ។
សូមបញ្ជាក់ថាការផ្គូរផ្គងបញ្ជីសារពើភណ្ឌ តារាងប្រៀបធៀបកើនឡើងថយចុះនេះត្រូវរៀបចំជារៀងរាល់ឆ្នាំ ដោយមានការចូលរួមផ្ទៀងផ្ទាត់ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាមី ដែលមានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាសេនាធិការ។ យោងសារាចរ០៧ របស់រដ្ឋាភិបាល បានគូសបញ្ជាក់ថាប្រសិនបើអង្គភាពណាមិនបានរៀបចំ ឬចូលរួមផ្គូរផ្គងបញ្ជីសារពើភណ្ឌនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងកាត់៣ភាគរយនៃខ្ទង់ចំណាយជំពូក៦០ ៦១ នៅពេលរៀបចំកញ្ចប់ថវិកានៃឆ្នាំបន្ទាប់ ៕ ដោយ ៖ វ៉ៃគោ