សៀមរាប ៖ ក្នុងនាមជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសមាជិកសភាស្ត្រីAPPF នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។
សម្តេចបានលើកឡើងពីសារសំខាន់ របស់ស្ត្រីនៅក្នុងសង្គម នៅពេលដែលមានការរីកចម្រើនខ្លាំង ផ្នែកបច្ចេកវិទ្យា និងសំណូមពរឱ្យ APPF បន្តផ្តោតអារម្មណ៍ និងបង្កើនកិច្ចសហការ ប្រឹងប្រែងរបស់យើងទ្វេរដងច្រើនឡើងថែមទៀត ដើម្បីសម្រេចឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសម្រចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព គោលដៅទី៥ របស់អង្គការសហប្រជាជាតិ ។
ទន្ទឹមនឹងនេះ សម្តេច បានស្នើឱ្យមានយន្តការតាមដាន វាយតម្លៃនិងរៀនសូត្រអំពីសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី សំដៅបង្កើនការចូលរួមរបស់ស្ត្រី ក្នុងទីផ្សារពលកម្ម និងចាប់យកឱ្យបាននូវតំណែងជាអ្នកដឹកនាំ ក៏ដូចជាការជំរុញឱ្យស្ត្រី ចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត ផ្នែកនយោបាយ និងកសាងនូវយន្តការ គាំពារសុវត្ថិភាពសង្គម ចំពោះស្ត្រីនិងក្មេងស្រី។
ជាមួយការលើកទឹកចិត្តដល់កិច្ចប្រជុំពិភាក្សាគ្នា ដោយបើកចំហ ដើម្បីដោះស្រាយបញ្ហារួម សម្តេចបានផ្តល់អនុសាសន៍មួយចំនូន ដូចជាបង្កើតឱ្យមានក្រុមការងារ សម្រាប់សិក្សាអំពីផលប៉ះពាល់ នៃបដិវត្តន៍ឧស្សាហកម្ម ទី៤ ជាពិសេសផលប៉ះពាល់មកលើស្ត្រី និងក្មេងស្រី ដែលអាចទាញយកផលប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗទាំងនោះ មានគោលនយោបាយអប់រំប្រកបដោយចីរភាព និងទូលំទូលាយ និងត្រូវបែងចែកថវិការដ្ឋ ឱ្យបានច្រើនសម្រាប់ជំរុញការអប់រំស្រី្តវ័យក្មេង នៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(ស្ទែម)។ លើសពីនេះទៅទៀត សម្តេច បានឱ្យបង្កើនការយកចិត្តទុកដាក់ ក្នុងអប់រំមូលដ្ឋាន សម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់ស្រយាល និងងាយរងគ្រោះ ។ រាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ដល់ស្ត្រី និងក្មេងស្រី ។
តាមរយៈវេទិកានេះ សម្តេច បានអំពាវនាវឱ្យបង្កើនភាគរយសមាជិកភាពជាស្ត្រី ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងវិស័យឯកជន។
សូមជម្រាបថា កិច្ចប្រជុំសមាជិកសភាស្ត្រីAPPF ជាកិច្ចប្រជុំមួយ ក្នុងចំណោមវិស័យនានា ដែលកិច្ចប្រជុំប្រចាំឆ្នាំ APPF ត្រូវលើកមកជជែកពិភាក្សា។
បន្ទាប់មក លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានកិច្ចប្រជុំសមាជិកសភាស្ត្រី APPF បានដឹកនាំកិច្ចប្រជុំសមាជិកសភាស្ត្រី APPF នៅរសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។
លោកស្រីប្រធានកិច្ចប្រជុំ បានលើកឡើងថា កិច្ចប្រជុំសភាស្ត្រីនៅកម្ពុជានាឱកាសនេះ ជាកិច្ចប្រជុំប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រដោយសារមកដល់ពេលនេះ APPF បានបង្កើតឡើងអស់រយៈពេល២៧ឆ្នាំហើយ តែកិច្ចប្រជុំសមាជិកសភាស្ត្រី ទើបតែក្លាយជាកិច្ចប្រជុំផ្លូវការលើកដំបូង របស់ APPFនៅកម្ពុជានាពេលនេះទេ។
សមាជិក APPF ដែលបានចូលរួមប្រជុំកិច្ចប្រជុំសមាជិកសភាស្ត្រីនេះ មានទាំងស្ត្រីនិងបុរស បានជជែកលើប្រធានបទចំនួន៣។ ប្រធានបទទាំងបីនោះមាន ទី១ ការពង្រឹងភាពជាដៃគូនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានបទទី២ ការធានានូវសមភាពរវាងស្ត្រី និងបុរស ឲ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រធានបទទី៣ គឺ លើកកម្ពស់ សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។
លោកស្រី ឃួន សុដារី បានលើកឡើងថា សមាជិកកិច្ចប្រជុំ បានចាប់អារម្មណ៍ជាខ្លាំងទៅលើប្រធានបទ ហើយពួគាត់បានលើកឡើងថាស្ត្រីជាធនធានមនុស្សសំខាន់ណាស់ ដែលជំរុញសុខសន្តិភាព។ ជាសុខសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។ លោកបានគូសបញ្ជាក់ថា វិសមភាពរវាងបុរសនិងស្ត្រី នៅកើតមានគ្រប់កន្លែង ដូច្នេះទាមទារឲ្យមានការគិតគូជារួម ដើម្បីស្ត្រីបានចូលរួមការងារ ជាអ្នកសម្រេចចិត្តទាំងខាងវិសយឯកជននិងរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកស្រី ឡោក ខេង បានលើកឡើងផងដែរ ពីកិច្ចខិតខំលើកកម្ពស់ស្ត្រី របស់រាជរដ្ឋាភិបាកកម្ពុជា ដូចជាការគាំពារផ្នែកសង្គមដល់ស្ត្រី។ ស្ត្រី ធ្វើការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងនៅកម្ពុជា ពេលពពោះ និងសម្រាល ទទួលបានប្រាក់ឧបត្ថម្ភ និងការឈប់សម្រាប់ពិសេសការទទួលប្រាក់បៀវត្សរ៍១២០ភាគរយ៕ ដោយ ៖ រចនា