Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈជូនព័ត៌មាន ដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះសា្ថនបឋមសិក្សាសាធារណៈ នៅក្នុងខេត្តគោលដៅ កំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និងព្រៃវែង

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹង អំពី «ដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើ ការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅក្នុងខេត្តគោលដៅ កំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និងព្រៃវែង»។

ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ព្រមទាំងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖“រើសឱ្យចំ បំពេញឱ្យត្រូវរក្សាឱ្យនៅ” និង “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។

បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រគ្រប់ជំនាញ បានចូលរួមប្រឡងប្រជែងនាសម័យប្រឡងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ចំនួនសរុប ៨៨៩៥នាក់ ក្នុងនោះបេក្ខនារីចំនួន ៦១៩៥ នាក់ សម្រាប់ ៣២១៣កន្លែងនៅ តាមសាលារៀនគោលដៅចំនួន២២០៩ ក្នុងឃុំ សង្កាត់ ៤០២ នៃក្រុង ស្រុកទាំង៥០ ក្នុងខេត្តទាំង៥។ លទ្ធផលនៃការប្រឡងប្រជែងត្រូវបានប្រកាសនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ផ្អែកលើពិន្ទុមធ្យមភាគ ឡើង មានបេក្ខជនជាប់ស្ថាពរចំនួន ៣០២៣ នាក់ ស្រីចំនួន ២០៧១នាក់ និងមានបេក្ខជនជាប់បម្រុង ៣៥៤៣ ស្រីចំនួន ២៤៩៣នាក់។

ការបែងចែកនិងជ្រើសរើសសាលាដើម្បីបំពេញការងារ ត្រូវបានរៀបចំឈរលើមូលដ្ឋាននៃសេចក្ដីណែនាំ របស់គណៈកម្មការរៀបចំការប្រឡងប្រជែង លេខៈ៥៧៥០/២៥ មស.សជណ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបែងចែកកន្លែងការងារដល់បេក្ខជនប្រឡងជាប់ស្ថាពរនិងជាប់បម្រុងជាគ្រូបង្រៀនផ្អែកលើកិច្ច

ព្រមព្រៀងការងារដើម្បីបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដោយបានកំណត់ច្បាស់លាស់ អំពីអាទិភាព លំដាប់ពិន្ទុ និងតម្រូវការគ្រូបង្រៀននៅតាមសាលាបឋមសិក្សាគោលដៅក្នុងភូមិសាស្ត្រ នៃឃុំ សង្កាត់ដែលបេក្ខជនបានជ្រើសរើសនៅពេលដាក់ពាក្យប្រឡងប្រជែង។

ផ្អែកលើសេចក្ដីណែនាំនិងបន្ទាប់ពីបានផ្តល់ឱកាសដល់បេក្ខជនប្រឡងជាប់ស្ថាពរក្នុងការជ្រើសរើស សាលារៀនគោលដៅនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការរៀបចំការប្រឡងប្រជែងបានចេញ សេចក្តីសម្រេចស្តីពីការទទួលស្គាល់កន្លែងការងាររបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនផ្អែកលើ កិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។ បេក្ខជនជាប់ស្ថាពរ ត្រូវបង្ហាញខ្លួននៅតាមសាលាបឋមសិក្សាគោលដៅចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ ដើម្បី បំពេញបែបបទនិងនីតិវិធីបន្តសម្រាប់ការចូលបំពេញការងារ ព្រមទាំងទទួលការបណ្តុះបណ្តាលតាមការ កំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ក្នុងរយៈពេល១២ខែបន្ទាប់ពីការប្រកាសលទ្ធផលប្រឡង បេក្ខជនជាប់បម្រុងអាចនឹងត្រូវស្នើដើម្បីបំពេញកន្លែងទំនេរដែលមិនមានបេក្ខជន ជាប់ស្ថាពរនិងផ្អែកលើតម្រូវការគ្រូបង្រៀននៅតាមសាលាគោលដៅស្របតាមគោលការណ៍កំណត់ ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មការ។ សម្រាប់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ

ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅក្នុងខេត្តកំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និង ព្រៃវែង បេក្ខជននិងសាធារណជនអាចទំនាក់ទំនងមកក្រុមការងារទទួលបន្ទុករបស់ អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ ០៩៧ ២២២ ៧៨៥៤, ០១៦ ៦១០ ៩៩៩, ០៩៧ ៩៩០ ១៤៧៥, ០៩៨ ៥៧៣ ៤៣៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈ QR Code ខាង ក្រោម (សូមសួរនៅផ្នែក Topic សំណួរចម្លើយ) ចាប់ពីពេលជូនព័ត៌មាននេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

×