ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពី ការពង្រឹងសុវត្ថិភាពចំណីអាហារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍ ដោយក្នុងនោះក្រសួងក៏បានបញ្ជាក់ដែរថា នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
តាមសារាចរណែនាំនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កន្លងមកក្រសួងទេសចរណ៍ សង្កេតឃើញមានការអនុវត្តតាមខ្លឹមសារនៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ដោយឡែកក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ មួយវិញទៀត ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ៕ ដោយ ៖ បញ្ញាស័ក្តិ
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសារាចរណែនាំ របស់ក្រសួងទេសចរណ៍ ៖