ភ្នំពេញ ៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេស ស៊ុយអែត កាលពីថ្ងៃទី ១៤ មករា ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក Love Englund មានបំណងវិនិយោគចំពោះការដាំឈើយកកាបោន នៅក្នុងឧទ្យានតេជោសែនឬស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ដើម្បីជាការសិក្សាលម្អិត លោកនឹងអញ្ជើញទៅទស្សនាឧទ្យានដោយផ្ទាល់ដើម្បីបានដឹងថា តើគួរធ្វើកិច្ចការអ្វីមុនគេ ហើយគួរចាប់ផ្តើមនៅពេលណា?
ក្រោយការសិក្សាបានជោគជ័យហើយ គាត់អាចនឹងផ្តល់អ្នកជំនាញមកពីអ៊ឺរ៉ុបដើម្បីពិនិត្យមើលគុណភាពដី ធ្វើតេស្តដី ហើយវិច្ឆ័យថា ដីនោះគួរដាំអ្វី ជាដើម ដោយការសិក្សានោះនឹងប្រើពេល២ ឬ៣ ខែ ដើម្បីសិក្សាភូមិសាស្ត្រ ហើយរាល់ការចំណាយ និងមន្ត្រីបច្ចេកទេស គឺជាការទទួលខុសត្រូវរបស់ ជនជាតិស៊ុយអែតនោះ។
ដោយឡែក នៅលើទំព័រហ្វេសប៊ុក របស់បណ្ឌិត្យសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាវិញនោះ លោកបានសេរសេរថា «ថ្ងៃនេះខ្ញុំបានជួបអ្នកវិនិយោគរបស់អឺរ៉ុប (ជនជាតិស៊ុយអែត) ដែលយើងបានសង្កត់ធ្ងន់ ទៅលើបញ្ហាបរិស្ថាន ថ្វីត្បិតយើងមានកម្ពស់ខុសគ្នា មានភ្នែកខុសគ្នា មានពណ៌សម្បុរនិងភាសាខុសគ្នាក៏ដោយ តែយើងមានគំនិតដូចគ្នា ក្នុងការការពារបរិស្ថាន ព្រោះថាយើងរស់នៅលើផែនដីតែមួយ ហើយទទួលទានទឹក និងខ្យល់អុកស៊ីសែនបរិសុទ្ធដូចគ្នា វាជារឿងប្រពៃណាស់ ដែលយើងនឹងរៀបចំអភិរក្សនិងអភិវឌ្ឍ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប»៕ ដោយ ៖ កូឡាប