នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម នៅណ្ឋាគារសុខាសៀមរាប។
លោកជំទាវ ប្រធានរដ្ឋសភាព មានសេចក្តីសោមនស្សរីករាយ និងបានអបអរសាទរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីលទ្ធផលល្អនៃសន្និបាតគណបក្សប្រជាជនកម្ពុជា កន្លងមក ព្រមទាំងការប្រាព្ឋខួប៤០ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ៧ មករា និងខួប ២០ឆ្នាំនៃជោគជ័យក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាជាមួយនឹងការសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅយ៉ាងឧឡារិកត្រចះត្រចង់និងជោគជ័យ។
ក្នុងពេលតែរយៈពេល ២ឆ្នាំ កន្លងមកថ្មីៗនេះ លោកជំទាវបានសង្កេតឃើញ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកជំទាវបានកោតសរសើរចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងឡើង។
លោកជំទាវ Nguyen Thi Kim Ngan បានជម្រាបជូន សម្តេចតេជោ អំពីការដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមមកកម្ពុជារួម មានទាំងប្រធាន អនុប្រធាន រួមនឹងប្រតិភូផ្សេងៗជាច្រើនទៀត ដើម្បីមកចូលរួមក្នុង ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asia Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្ត សៀមរាប។ ទន្ទឹមនឹងនេះដែរ លោក ជំទាវបានក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ APPF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅនៅព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ចំពោះវត្តមានលោកជំទាវប្រធានសភាវៀតណាម និងពាក្យពេចន៍ល្អៗជាមួយនឹងការអបអរសាទរចំពោះការរីកចម្រើននៃប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ។
មុននឹងបញ្ចប់ការពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី និងជូនព លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងសមាជិកប្រតិភូជាន់ខ្ពស់ទាំងអស់ ទទួលបានជោគជ័យក្នុងកិច្ចប្រជុំ APPF-27 ព្រមទាំងនៅក្នុងការប្រកាសបើក ក្រុមប្រឹក្សាវប្បធម៍អាស៊ី (Asian Cultural Council- ACC) នៅទីលានជល់ដំរី លើទឹកដីអង្គរនៅល្ងាចនេះផងដែរ៕ ដោយ ៖ កូឡាប