នារីវ័យ ១៩ ឆ្នាំ ម្នាក់ ដែលបានសម្រេចធ្វើការវះកាត់កែកុនច្រមុះ ត្រូវបានប្រកាសស្លាប់ពីប្រតិកម្មអាល់ឡ៍រហ្ស៊ីធ្ងន់ធ្ងរ ដោយសារការប្រើថ្នាំសន្លប់ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ឈ្មោះថា Xi Lisha បានទៅធ្វើការវះកាត់កែកុនច្រមុះ នៅឯមន្ទីរពេទ្យ Li Mei Kang នៅក្នុងខេត្ត Guiyang ប្រទេសចិន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។
Xia ដែលអមដំណើរជាមួយម្តាយរបស់នាងដែលមានឈ្មោះថា Wang បានទៅកាន់មន្ទីរពេទ្យនៅវេលាម៉ោងប្រហែល ១ ព្រឹក ។ ប្រតិបត្តិការវះកាត់ត្រូវបានសន្មត់អូសបន្លាយរយៈពេលពីរបីម៉ោង ប៉ុន្តែ នាងមិនទាន់ចេញមកវិញរហូតដល់ម៉ោង៥ល្ងាច ។ ដោយសារមានការព្រួយបារម្ភ ម្តាយរបស់នាងក៏ចាប់ផ្តើមសួរនាំ ។
ក្នុងអំឡុងនូវអ្វីដែលត្រូវបានសន្មត់ថាជាការវះកាត់ខ្លី និងងាយៗ Xia បានទទួលរងពីប្រតិកម្មដ៏កម្រ និងធ្ងន់ធ្ងរមួយហៅថា hyperthermia (ដំណើរឡើងកំដៅ) យ៉ាងសាហាវ ។ បន្ទាប់មក ដំណើរចង្វាក់បេះដូងរបស់នាងបានកើនឡើងយ៉ាងលឿន ហើយក្តៅខ្លួនខ្លាំង ។ Xia ក៏បានប្រកាច់ជាមួយដំណើរកន្ដ្រាក់សាច់ដុំដ៏ធ្ងន់ធ្ងរ ។
នាងត្រូវបានគេបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យផ្សេង ដើម្បីព្យាបាលបន្ត ប៉ុន្តែ ក្រោយមក នាងត្រូវបានប្រកាសស្លាប់ ។
ទន្ទឹមនោះផងដែរ ម្តាយរបស់នាងអ្នកស្រី Wang ពុំត្រូវបានគេជូនដំណឹងអំពីស្ថានភាពជំងឺរបស់កូនស្រីគាត់ទេ រហូតដល់ម៉ោង ៨ យប់ ។ បន្ទាប់មកដល់មន្ទីរពេទ្យ គាត់ទើបគាត់បានដឹងថា កូនស្រីរបស់គាត់ស្លាប់ទៅហើយ ។
អ្នកស្រី Wang បានទ្រហ៊ោយំខណៈនិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «កូនស្រីខ្ញុំគ្រាន់តែចង់ស្អាត នាងមិនសមត្រូវស្លាប់បែបនេះទេ» ។ អ្នកស្រីបន្ថែមថា កូនស្រីរបស់គាត់បានឆ្លៀតធ្វើការក្រៅម៉ោង ដើម្បីសន្សំលុយកែសម្ផស្សនេះក្នុងតម្លៃ ២៦,០០០ យន់ (៣,៩០០ ដុល្លារ) ។
បន្ទាប់ហេតុការណ៍ដ៏គួរស្លុតចិត្តនេះកើតឡើង អាជ្ញាធរក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត ។ ទោះយ៉ាងណា ទីបំផុត ខាងមន្ទីរពេទ្យបានឈានដល់មានព្រមព្រៀង សងសំណងជំងឺចិត្តជាង ១.៦ លានយន់ (២៤០,០០០ ដុល្លារ) ៕ ចន្ទី