ត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ ដាក់ពន្ធនាគារខេត្តត្បូងឃ្មុំ លោក ឈិត មិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាឃុំខ្លួន ករណី លួច ដោយអយុត្តិធម៌នោះ ត្រូវបានប្រធានពន្ធនាគារខេត្តដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោមពីអន្តរាគមន៍ពីលោកអភិបាលខេត្ត និងលោកជំទាវ និងព្រះរាជអាជ្ញា។
យោងតាមឧត្តមអគ្គានុរក្ស២ កែ ប៊ុនហ៊ូរ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានចេញលិខិតដោះលែង ជនត្រូវចោទ ដោយអនុវត្តន៍តាមដីការបង្គាប់ឲ្យដោះលែងលេខ ០៩ព្រទ២ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ។
ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ បានឲ្យដឹងថា យើងខ្ញុំបានចេញលិខិតដោះលែងឲ្យឈ្មោះ ជ គីមអ៊ាង ហៅចរណៃ ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលជាប់ចោទពីបទ លួច ប្រព្រឹត្តនៅភូមិសួងលិខ សង្កាត់សួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨ ត្រូវបានឃុំខ្លួននៅថ្ងៃទី៩ខែមករាឆ្នាំ២០១៩។ លោកបានបន្ថែមថា ដូច្នេះត្រូវដោះលែង ឈ្មោះជ គីមអ៊ាង ហៅចរណៃ នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៩ ឲ្យត្រឡប់ទៅរស់នៅអាសយដ្ឋាន ឬទីកន្លែងកំណើតរបស់ខ្លួន ដើម្បីធ្វើជាប្រជាពលរដ្ឋធម្មតា។ ប្រធានពន្ធនាគារ បានបង្គាប់ឈ្មោះចរណៃ កាន់លិខិតទៅបង្ហាញជូនអាជ្ញាធរ មានសមត្ថកិច្ចមិនឲ្យហួសរយៈពេលបីថ្ងៃឡើយ។
បើតាមហ្វេសប៊ុកឈ្មោះ Heang Border បានសរសេរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះថា ព្រឹក15/1/19 ខ្ញុំបាទ និងគ្រុមគ្រួសារ ជនដែលត្រូវគេចោទ សូមអរគុណច្រើនធំៗចំពោះ ឯ/ឧ បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ
លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តត្បូងឃ្ញុំ។ ព្រមទាំងបងប្អូនក្នុងបណ្តាញសង្គម ជាពិសេសសាព័ត៌មានមួយចំនួន ដែលវិភាគភ័ស្តុតាងរួចហើយ ជួយគាំទ្រដល់ជនដែលរងគ្រោះ ជាពេលកន្លងមក តែឥឡូវនេះជន ដែលគេចោទត្រូវបានដោះលែងមកដល់ផ្ទះវិញហើយ។ ការដែលផ្តល់ និងជួយរកយុត្តិធម៌ ជូនពលរដ្ឋខ្លួន ដែលត្រូវអ្នកមានលុយចោទប្រកាន់ ទាំងមានភ័ស្តុតាងមិនច្បាស់ និងគ្រប់គ្រាន់ យកទៅដាក់គុកទាំងអយុត្តិធម៌។ យុត្តិធម៌មានពិតដរាបណាយើងមិនបានប្រព្រឹត្ត។ អ្នកចោទគេ បើមិនច្បាស់ខ្លួនឯង ក៏ជាប់គុកវិញមិនខានឡើយ។ យើងមិនច្បាស់ ហើយប្តឹងដាក់គុកអ្នកជាប់គុកគេខាតច្រើនណាស់ តើយើងចោទគេខុសសងអ្វីវិញ ដល់ជនដែលយើងចោទ??”។
សូមបញ្ជាក់ថា លោក ឈិត មិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារខេត្តត្បូងឃ្មុំ ករណី លួច ប្រព្រឹត្តនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើស ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៣/២០១៩ ជនសង្ស័យឈ្មោះ ជ គីមអ៊ាង ហៅ ចរណៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង១៦:៣០នាទី លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បួងឃ្មុំ បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលក្រុងសួង បញ្ជូនជនសង្ស័យឈ្មោះ ជ គីមអ៊ាង ហៅ ចរណៃ ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ទៅកាន់ពន្ធនារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៣/២០១៩ របស់លោក ឈិត មិនា ចៅក្រមសើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ករណី លួច ប្រព្រឹត្តនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ៕ ដោយ ៖ បញ្ញាស័ក្តិ