Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិធី​បិទ​កិច្ចប្រជុំ APPF សម្តេច ហេង សំរិន លើកឡើងថា “​សន្តិភាព និង​ការអភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​”

spot_img

​បន្ទាប់​ពី​ដំណើរការ​ប្រជុំ​រយៈពេល​៣​ថ្ងៃ​មក កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។ ពិធី​បិទ​កិច្ចប្រជុំ​APPF បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ខេត្តសៀមរាប​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​APPF នៅលើ​ទឹកដី​អង្គរ​នេះ បាន​ផ្តល់​គោល​គំនិត និង​ទស្សនៈ​វិស័យ​វែងឆ្ងាយ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​គន្លឹះ ដើម្បី​ស្ថាបនា​រួមគ្នា​នូវ​តំបន់​មួយ មាន​សុខសន្តិភាព ស្ថិរភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព ដែល​ជា​សេចក្តីប្រាថ្នា​រួម​របស់​ប្រជាជាតិ​។ សម្តេច​បន្តថា កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ពិតជា​បាន​ដំណើរការ​ទៅ​យ៉ាង​មមាញឹក ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច បាន​នូវ​សេចក្តីសម្រេច សំខាន់ៗ​។ សន្តិភាព​នៅក្នុង​តំបន់ និង​សកលលោក គឺជា​កត្តា​ចម្បង​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។​

​កិច្ចប្រជុំ​លើក​ទី​២៧ APPF បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​” ដោយ​បាន​ប្រជុំ​ពិភាក្សាគ្នា​លើ​វិស័យ​ចំនួន​៤ គឺ កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​APPF វិស័យ​សហប្រតិបត្តិកា​រ​តំបន់ វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​វិស័យ​នយោបាយ និង​សន្តិសុខ ដែល​សរុប​មាន​សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន​៤៣ ដែល​ប្រទេស​សមាជិក​APPF​លើកឡើង ហើយ​ជា​ចុងបញ្ចប់​កិច្ចប្រជុំ​APPF បាន​ធ្វើ​សំយោគ​បញ្ចូលមក​នៅត្រឹម​១៥​សេចក្តីព្រាង​សេចក្តី​សម្រេច​។ កិច្ចប្រជុំ​បាន​អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច​ចំនួន​១៤ ដោយ​ទុក​សេចក្តីព្រាង​សេចក្តីសម្រេច​មួយ​បន្ត​ពិភាក្សា​នៅ​ប្រទេស​អាស្ត្រាលី នៅ​ឆ្នាំ​២០២០​ទៀត​។​

​ក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ សម្តេច​ប្រធាន APPF លើក​ទី​២៧ បាន​គូសបញ្ជាក់ថា អ្វី​ដែល​ជា​លទ្ធផល​នៃ​សេចក្ដីសម្រេច​នានា ដែល​បាន​អនុម័ត នៅក្នុង​កិច្ចប្រជុំ​រយៈពេល បី​ថ្ងៃ​មកនេះ បាន​សំដៅ​ដល់​ការដោះស្រាយ​បញ្ហា​រួម​ក្នុង​តំបន់ ដែល​មាន​ដូចជា​ការកសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា ដៃគូ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ជាដើម​។​

​សម្តេច​ប្រធាន APPF បាន​សង្កត់ធ្ងន់ថា ជា​ការពិត​ណាស់ សន្តិភាព និង​ស្ថេរភាព ជា​បុរេល​ក្ខ​ខ័ណ្ឌដ៏​ចាំបាច់​សម្រាប់​ការកសា​ង និង​អភិវឌ្ឍ​សង្គម ជាតិ​។ បើ​ប្រទេស​មួយ កំពុងស្ថិត​នៅ​ក្នុង​គ្រោះមហន្តរាយ មាន​សង្គ្រាម ឬ​អស្ថិរភាព​នោះ គ្មាន​ទេ​ការអភិវឌ្ឍ និង​ភាពរុងរឿង​របស់​ប្រទេសជាតិ​។ សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា “​សន្តិភាព និង​ការអភិវឌ្ឍ​” ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ បើ​ប្រទេស​មួយ​មានតែ​សន្តិភាព ប៉ុន្តែ​គ្មាន​ការអភិវឌ្ឍ​រីកចម្រើន ប្រទេស​នោះ​ក៏​មិន​អាច​មាន​សន្តិភាព​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​បានឡើយ​។​

“​ដូច្នេះ​យើង ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​។ ប្រទេស​នីមួយៗ​ត្រូវ​ការពឹងផ្អែក​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក ដើម្បី​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយា​ប័ន្ន និង​វិបុលភាព​។ ក្នុងន័យនេះ ពាណិជ្ជកម្ម និង​វិនិយោគ គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង “​នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ប្រធាន​APPF លើក​ទី​២៧​។​

​នៅមុន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រកាស​បិទ​កិច្ចប្រជុំ APPF បាន​ស្តាប់​របាយការណ៍​លទ្ធផល​នៃ​កិច្ចប្រជុំ​សមាជិក សភា​ស្ត្រី​APPF ដែល​អាន​ដោយ លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋ​សភា​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី​APPF​។​ស្តាប់​សេចក្តីថ្លែងការណ៍​របស់​សម្តេច​ប្រធាន​APPF-២៧ និង​របាយការណ៍​សង្ខេប​នៃ​កិច្ចប្រជុំ​គណៈ​កម្មាធិការ​សេចក្តីព្រាង​។ របាយការណ៍​ទាំងពីរ ខាងលើនេះ អាន​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី​។ បន្ទាប់​មក​សមាជិក​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ចូលរួម​ប្រជុំ​បាន​ចុះហត្ថលេខា​លើ​សេចក្តី ថ្លែងការណ៍​រួម​។​

​ប្រទេស​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​APPF លើក​ទី​២៨ បន្ត​ពី​កម្ពុជា គឺ​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ជា​ផ្ទះ​កិច្ចប្រជុំ​លើក​ទី​២៨ នៅ​ឆ្នាំ​២០២០​។ ចំណែក​សាធារណរដ្ឋ​កូរ៉េ ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF លើក​ទី​២៩ នៅ​ឆ្នាំ​២០២១​។ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​លើក​ទី​២៧​នេះ សភា​កម្ពុជា​បាន​ប្រគល់​ទង់​APPF ដល់​ប្រទេស​អូស្ត្រាលី ដែល​ទទួល​វេន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF ផងដែរ​។​

​សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APPF ជា​បណ្តុំ​សភា​ធំ​មួយ​ដែល​មាន​សមាជិក​២៧​ប្រទេស​។ APPF តែងតែ​រៀបចំ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​សភា​ប្រទេស​ជា​សមាជិក​ប្តូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ជុំ​ប្រចាំឆ្នាំ​ជា​ទៀត​ទាត់ ក្នុង​ការ​ប្រមូលផ្តុំ​សំឡេង​តំណាង​ពលរដ្ឋ ដោះស្រាយ​បញ្ហា​រួម ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គីភាព​ក្នុង​គ្រួសារ APPF ក្នុង​គោល​បំណង​កសាង​សុខ​សន្តិភាព​នៅក្នុង​តំបន់ និង​ពិភព​- លោក​ប្រកប​ដោយ​ចីរភាព​៕ ​ដោយ ​៖ ​កូឡាប​

     

spot_img
×