Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​កាហ្វេ Killiney Kopitiam បែប​ប្រពៃណី របស់​ហៃ​ណាន ដ៏​ល្បីឈ្មោះ នៅ​សិង្ហ​បុរី មាន​វត្តមាន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ ដែល​មាន​ដើមកំណើត នៅក្នុង​ប្រទេស​សិង្ហ​បុរី តាំងពី​ឆ្នាំ​១៩១៩ ឈ្មោះ Killiney Kopitiam បាន​បើក​សាខា​ទី​១​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩​នេះ ដែល​មាន​ទីតាំង នៅ​ជាន់​ផ្ទាល់​ដី​នៃ​សណ្ឋាគារ Lumiere​។​

 

​ហាង​កាហ្វេ Killiney Kopitiam បានចាប់ផ្ដើម​ដំបូង​បំផុត មាន​ទីតាំង​ស្ថិត​នៅលើ​ផ្លូវ​ដ៏​មមាញឹក​ឈ្មោះ Killiney នៃ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ឆ្នាំ​១៩១៩​។ ហាង​កាហ្វេ​បែប​ប្រពៃណី ហៃ​ណាន ល្បីឈ្មោះ ១០០​ឆ្នាំ គឺ​ដោយសារតែ រសជាតិ​នៃ​កាហ្វេ និង​តែ​ឆុង​ឡើង​តាម​បែប​បុរាណ ដ៏​ឈ្ងុយឆ្ងាញ់​។ ពិសេស​ជាងនេះទៅទៀត​គឺ នំប៉័ង​អាំង​។ ផលិតផល​ដែល​ហាង​កាហ្វេ Killiney Kopitiam ផ្ដល់ជូន បាន​ធ្វើឲ្យ​អតិថិជន​ជា​ប់ចិត្ត មិនអាច​បំភ្លេច​បាន និង​ហាក់បីដូច​បាន​រំ​ឭក នូវ​អនុស្សាវរីយ៍​ចាស់ៗ​ឡើងវិញ​។​

​លោក Woon Tek Seng នាយក​ក្រុមហ៊ុន Killiney International និង​ជា​ស្ថាបនិក​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Killiney Kopitiam បាន​លើកឡើង​ថា ខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​រីករាយ​ជា​ខ្លាំង នៅពេល​ហាង​សាខា​ក្រោម​ស្លាក​សញ្ញា​ពាណិជ្ជកម្ម ដែល​ខ្ញុំ​បង្កើតឡើង បើក​ដំណើការ​ជា​បន្តបន្ទាប់ ដែល​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ មាន​ជាង ១០០​សាខា នៅក្នុង​ស្រុក និង​នៅក្នុង​ប្រទេស​ចំនួន ៦ ហើយ​នឹង​មាន​ច្រើន​ឡើង​បន្ថែមទៀត នាពេលខាងមុខ​។​

​លោក​បន្តថា ការបើក​សាខា​ទី​១ នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃនេះ គឺ​ដោយសារតែ​លោក​បាន​មើលឃើញ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការពេញនិយម​ខ្លាំង ក្នុងការ​ទទួលទាន​កាហ្វេ ហើយ​ភាព​រីកចម្រើន​ឥតឈប់ឈរ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​​កម្ពុជា ក៏​ជា​ចំណុច​មួយ​មាន​ភាព​ទាក់ទាញ​ខ្លាំង ពី​អ្នកវិនិយោគ​បរទេស និង​ពី​បណ្ដា​ប្រទេស​នានា​ផងដែរ​។ Killiney Kopitiam បាន​មើល​ពី​ភាព​រីកចម្រើន​នេះ ហើយ​បាន​បណ្ដាក់ទុន បើក​ហាង​កាហ្វេ​និង​អាហារ ដែល​មាន​គុណភាព​ខ្ពស់ លក្ខណៈ​ស្ដង់ដារ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​បង​ប្អូន ក្នុងប្រទេស​កម្ពុជា​។​

​ទោះបីជា​នេះ គឺ​ជា​សាខា​ទី​១ របស់ Killiney Kopitiam ប៉ុន្តែ​ការប្រកួតប្រជែង​រសជាតិ​ការ​ហ្វេ និង​អាហារ​ក្នុង​ទីផ្សារសេរី​មួយ​នេះ លោក​រំពឹង​ថា នឹង​ទទួលបាន​ជោគជ័យ យ៉ាង​គាប់ប្រសើរ​ទៅ​ថ្ងៃ​ខាងមុខ ហើយ​លោក​គ្រោង​ពង្រីក​សាខា​របស់ Killney Kopitiam ឲ្យបាន​១០​សាខា​បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​គីម ឫទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា នេះ​ជា​សក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា ជាមួយ​ក្រុមហ៊ុន​បរទេស ដែល​បង្ហាញ​នូវ​ការទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ។ កម្ពុជា ស្វាគមន៍​មិត្តភក្តិ គ្រប់​បណ្តា​ប្រទេស ជាពិសេស​ក្នុង​ថ្ងៃនេះ បាន​ស្វាគមន៍​មិតភ​ក្តិ​របស់​យើង​គឺ​ជនជាតិ​សឹង​ហ្គា​ពួ​រ ដែល​បាន​មក​វិនិយោគ​នៅលើ​ទឹកដី​របស់​កម្ពុជា ។

​លោក​អភិបាលរង​ខេត្ត​កណ្តាល បាន​បញ្ជាក់បន្ថែម​ថា “​យើង​ស្វាគមន៍​មិត្តភក្តិ​បរទេស​បន្ថែមទៀត ក្នុង​ថ្ងៃ​នេះ​ដែល​ជា​សក្ខីភាព​មួយ ដែល​បាន​បញ្ជាក់ថា កម្ពុជា ស្វាគមន៍​មិត្តភក្តិ​បរទេស ដើម្បី​វិនិយោគ​នៅ​កម្ពុជា ក្រោម​ម្លប់​នៃ​សន្តិភាព របស់​កម្ពុជា​យើង​”​។

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ Killiney Kopitiam បាន​បង្កើត​ផលិតផល និង​មុខម្ហូប​របស់ខ្លួន​ជាច្រើន​បន្ថែមទៀត សម្រាប់​ផ្ដល់ជូន​អតិថិជន​របស់​ខ្លួន គ្រប់​ស្រទាប់ និង​គ្រប់​វ័យ​ទាំងអស់​៕ ដោយ​ ៖ ​កូឡាប​

       

spot_img
×