ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបានអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍ ១គ្រឿងទៀត ឈ្មោះ Diamond Princess បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ២៨០៦នាក់ ក្នុងនោះមានស្រី ១៥០៥នាក់ និងមាន ៥២សញ្ជាតិ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
នាវាទេសចរណ៍នេះ មាននាវឹកសរុបចំនួន ១០៧៣នាក់ និងមាន ៤៧សញ្ជាតិ បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែក្រុងព្រះសីហនុ នៅម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៩។
នាវាទេសចរណ៍ខ្នាតយក្សខាងលើនេះ មានបណ្តោយ ២៨៨,៣៣ម៉ែត្រ និងមានទទឹង ៤១,៥០ម៉ែត្រ និងមានជំរៅទឹក ៨,៥៧ម៉ែត្រ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ដដែល បានឲ្យដឹងបន្តថា នាវាទេសចរណ៍ខាងលើនេះ បានធ្វើដំណើរមកពីប្រទេសថៃ ចូលមកទស្សនាខេត្តព្រះសីហនុ ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ នៅម៉ោង ៦ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Diamond Princess ច្រើនជាងគេ គឺសញ្ជាតិអាមេរិក មានភ្ញៀវចំនួន ៨៦៩នាក់។សញ្ជាតិអូស្ត្រាលី មានចំនួន៨៤៤នាក់។ សញ្ជាតិកាណាដា មានចំនួន ៣៧១នាក់ និងក្រៅពីនោះសញ្ជាតិផ្សេងៗ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ ពានឲ្យដឹងទៀតថា ភ្ញៀវទេសចរមកពីខេត្តសៀមរាប ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា តាមនាវាទេសចរណ៍ Diamond Princess ខាងលើនេះ មានចំនួន៣នាក់៕ ដោយ ៖ ដែន សីមា