ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញផ្ទុកសារធាតុគីមី ខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដោយអនុលោមតាមកម្មវិធីអភិក្រមស្តីពី “ការគ្រប់គ្រងហានិភ័យ” ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ សំដៅឆ្លើយតបអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មី របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗ ពាក់ព័ន្ធបញ្ហាសុវត្ថិភាពម្ហូបអាហារ និងការធ្វើធុរកិច្ចដោយសមធម៌ ដែលបានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ ព្រមទាំងហានិភ័យនានា បណ្តាលមកពីបញ្ហាកង្វះសុវត្ថិភាពចំណីអាហារ ដែលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក សូម្បីតែនៅប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិកក្តី។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី្កក៏បានកោតសរសើរដល់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ បំពេញការងារជូនប្រជាជន និងប្រទេសជាតិ និងបានលើកទឹកចិត្តមន្ត្រីទាំងអស់ បន្តចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈនៅបណ្តាតាមស្ថានីយ និងដេប៉ូចែកចាយនានា ព្រមទាំងបង្ក្រាបរាល់សកម្មភាពធុរកិច្ចមិនស្មោះត្រង់ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។
“ខ្ញុំពិតជាមានការពេញចិត្ត ចំពោះស្នាដៃរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រី ដែលបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ប៉ុន្តែយើងមិនត្រូវបញ្ឈប់សកម្មភាពត្រឹមនេះទេ ពីព្រោះបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអាយុជីវិតរបស់ជាតិ! ហើយតាមរយៈការមកដល់នូវរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្ងៃនេះ ខ្ញុំស្នើមន្ត្រីរបស់យើង ខិតខំបង្កើនសកម្មភាពថែមទៀត ដើម្បីការពារសុខមាលភាពជូនប្រជាជន” លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្ថែម។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានបើកប្រតិបត្តិការត្រួតពិនិត្យទំនិញ និងសេវាកម្មទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាការធ្វើធុរកិច្ចដោយសមធម៌។ តាមរយៈការស្កាត់ត្រួតពិនិត្យទំនិញនៅតាមមាត់ច្រកព្រំដែន និងទីផ្សារ ការចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូចែកចាយនានា ព្រមទាំងការចុះប្រចាំការឃ្លាំមើលទីផ្សារ មន្ត្រីកាំកុងត្រូល បានប្រមូលទំនិញមិនមានភាពអនុលោម មកធ្វើការដុតកំទេចចោលរហូតដល់ទៅជាង ៤៩តោន ហើយបានរកឃើញស្ថានីយ និងដេប៉ូចាក់ប្រេងចំនួន ១៧២ ក្នុងចំណោម ៤៩៩ មានកម្រិតលំអៀងផ្នែកបរិមាណ រីឯស្ថានីយចំនួន ៩ទៀត មានការលួចបន្លំគុណភាព៕ ដោយ៖កូឡាប