ក្រោយពេលដែលប្រមុខការទូតអាមេរិក Rex Tillerson ប្រកាសថា ក្រុងវ៉ាស៊ីនតោន ត្រៀមចរចាឥតល័ក្ខខ័ណ្ឌជាមួយកូរ៉េខាងជើង ភ្លាមៗនោះសេតវិមានបានបដិសេធចោលសេចក្តីប្រកាសនេះ។

លេខាធិការសារព័ត៌មានរបស់សេតវិមាន Sarah Sanders ធ្វើការអះអាងអំពីទស្សនៈរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើងគឺនៅតែ “គ្មានអ្វីប្រែប្រួល”។
អ្នកស្រី Sanders ពោលថា ៖ “កូរ៉េខាងជើងបន្តមានទង្វើខ្វះសុវត្ថិភាពពុំត្រឹមតែចំពោះជប៉ុន ចិន កូរ៉េខាងត្បូង តែគឺចំពោះពិភពលោកទាំងមូល។ រាល់ទង្វើញុះញង់របស់កូរ៉េខាងជើង ពុំមានប្រយោជន៍ដល់នរណាទាំងអស់ ហើយពិតណាស់វាក៏គ្មានប្រយោជន៍ចំពោះកូរ៉េខាងជើងខ្លួនឯង”។
ចំណែកមេដឹកនាំការទូតអាមេរិកវិញ និយាយថា ៖ “យើងខ្ញុំត្រៀមជាស្រេចដើម្បីមានជំនួបជាលើកដំបូងដោយគ្មានលក្ខខណ្ឌ។ ជួបគ្នាមុនសិន។ យើងអាចពិភាក្សាគ្នាអំពីបញ្ហាធាតុអាកាស ប្រសិនបើអស់លោក “កូរ៉េខាងជើង” ចង់…។ ទោះយ៉ាងណាយ៉ាងតិចបំផុតគប្បីអង្គុយចុះទល់មុខគ្នា។ ក្រោយមកទៀត យើងអាចចាប់ផ្តើមពង្រៀងនូវវិថីនាំផ្លូវសម្រាប់អនុវត្ត”។
ទស្សនៈរបស់ប្រមុខការទូត Tillerson ត្រូវបានចាត់ទុកថា ដើរផ្ទុយពីទស្សនៈតាំងពីមុនរហូតទល់ពេលនេះរបស់រដ្ឋការអាមេរិក ដែលក្រុងវ៉ាស៊ីនតោនដាក់ល័ក្ខខ័ណ្ឌសម្រាប់ការចរចា គឺកូរ៉េខាងជើងត្រូវផ្អាកការសាកល្បងកាំជ្រួច នុយក្លេអ៊ែរ និងបង្ហាញសុឆន្ទៈរំសាយនុយក្លេអ៊ែរ។ ប៉ុន្តែប្រមុខការទូតលើកឡើងថា “ទស្សនៈបែបនេះមិនប្រាកដនិយម”។
ទស្សនៈផ្ទុយគ្នាខាងលើនាំឲ្យមានពាក្យចរចាមអារាមពីការខ្វែងគំនិតគ្នារវាងប្រធានាធិបតីត្រាំ និងប្រមុខការទូត Tillerson ហើយប្រព័ន្ធព័ត៌មានបានលើកឡើងមុននេះថា លោកត្រាំ នឹងដកហូតតួនាទីរដ្ឋមន្ត្រីការបទេសពីលោក Tillerson ហើយជំនួសដោយនាយក CIA ។ ទោះយ៉ាងណាទាំងសេតវិមាន និងលោកត្រាំ បានបដិសេធចោលព័ត៌មានខាងលើ៕ សូយន