ភ្នំពេញ ៖ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ការដាក់ពន្ធនេះ គឺអឺរ៉ុបបានបង្កើនពន្ធគយរបស់គេរហូតដល់១២ខ្ទង់ ដើម្បីទាញអង្ករកម្ពុជា ចូលទៅក្នុងប្រភេទដែលដូចទៅនឹងប្រភេទអង្កររបស់អ៊ីតាលី ដូច្នេះអឺរ៉ុបបានយកបច្ចេកទេសទៅបំភ័ន្ត តាមរយៈបញ្ញត្តិក្នុងស្រុករបស់ពួកគេ។
លោក សុខ សុភ័ក្ដ្រ បានលើក ឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ពន្ធនាំចូល លើទំនិញអង្ករកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានថ្លែងថា មិនមានពាក់ព័ន្ធ និងបញ្ហានយោបាយឡើយ ហើយសូម្បីតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកឡើងតែអាវុធ (Everything But Arms-EBA) ក៏មិនជាប់ពាក់ព័ន្ធដែរ។
ក្នុងសន្និសីទសារព័ត៌មាន ការយកពន្ធលើការនាំចេញអង្កររបស់កម្ពុជា ពីអឺរ៉ុប លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានថ្លែងថា មិនមានពាក់ព័ន្ធ និងបញ្ហានយោបាយឡើយ ហើយសូម្បីតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកឡើងតែអាវុធ (Everything But Arms-EBA) ក៏មិនជាប់ពាក់ព័ន្ធដែរ។ ជាវិធានការ EBA ដែលពួកគេតែងតែទទួចឲ្យអឺរ៉ុបប្រើប្រាស់ ដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជា។ មិនពាក់ព័ន្ធ EBA ឡើយ គឺជាវិធានការការពារផលប្រយោជន៍របស់ប្រទេស ជាសមាជិកពួកគេប៉ុណ្ណោះ។ កិច្ចការនេះ មិនមែនជាកិច្ចការធំខ្លាំង រហូតដល់មានការភ្ញាក់ផ្អើលទូទាំងប្រទេសថា វិធានការការពាររបស់សហគមន៍អឺរ៉ុបនេះ ជាវិធានការមួយមានគោលដៅនយោបាយ ឬក៏អ្វីផ្សេង គឺអត់មាននោះទេ ព្រោះវិធានការនេះ មានប្រទេសមួយចំនួនធំនៅក្នុងពិភពលោក ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏អឺរ៉ុបធ្លាប់ប្រើផងដែរ ស្របតាមកិច្ចព្រមព្រៀង និងច្បាប់ជាតិរបស់ពួកគេ ដើម្បីការពារនូវផលប្រយោជន៍ នៃឧស្សាហកម្មក្នុងស្រុក។
លោកបានថ្លែងទៀតថា វិធានការនេះ គេដំឡើងពន្ធពីលើពន្ធ ដែលយើងកំពុងតែចូលធរមាន។ ឧទាហរណ៍ថា បើយើងនាំចេញអង្ករទៅអឺរ៉ុប ហើយពន្ធយើងនាំចេញទៅក្នុង១០០ដុល្លារក្នុង១តោន គេដាក់វិធានការការពារនេះ គឺបូកលើពន្ធដែលមានស្រាប់ តែនៅក្រោមប្រព័ន្ធ EBA ពន្ធរបស់យើង គឺស្មើសូន្យ។ អីចឹងគេបូកថែមលើពន្ធសូន្យនេះ។ ដូច្នេះវិធានការនេះមិនមែន EBA ទេ។ ការដាក់ពន្ធលើការនាំចេញអង្ករកម្ពុជានេះ មានបច្ច័យល្អផង និងបច្ច័យមិនល្អផងដែរ។ ការដាក់ពន្ធនេះអាចនឹងធ្វើឲ្យកម្ពុជា ខាតបង់ប្រាក់ប្រហែលជា៥០លានដុល្លារ។ អាចនឹងធ្វើឲ្យតម្លៃស្រូវអង្កររបស់កសិករធ្លាក់ចុះជាងមុន នៅពេលអ្នកនាំចេញត្រូវដំឡើងថ្លៃទប់ទល់នឹងបញ្ហាពន្ធនេះ។
បច្ច័យល្អ គឺកម្ពុជាអាចធ្វើកំណែទម្រង់បានលឿន ដោយមិនរង់ចាំយូរ ដែលនាំឲ្យកម្ពុជាមានឯករាជ្យផ្នែកសេដ្ឋកិច្ច ដោយមិនពឹងផ្អែកលើការអនុគ្រោះពន្ធ។ កំណែទម្រង់ដែលត្រូវដាក់ចេញ រួមមាន៖ ការកាត់បន្ថយថ្លៃដើមសម្រាប់អ្នកនាំចេញ និងកសិករ ដោយបន្ថយភាពស្មុគស្មាញ និងការចំណាយផ្នែករដ្ឋបាលទាំងផ្លូវការ និងមិនផ្លូវការ, បញ្ចុះថ្លៃការដឹកជញ្ជូន, បញ្ចុះថ្លៃអគ្គិសនី និងការលើកលែងពន្ធមួយចំនួន រួមទាំងកាត់បន្ថយចំណាយទៅលើពូជ ជី ថ្នាំ កសិកម្មរបស់កសិករជាដើម។
ជាមួយគ្នានេះ កម្ពុជាត្រូវស្វែងរកទីផ្សារថ្មី ក្រៅពីពឹងផ្អែកលើអឺរ៉ុប រួមទាំងពង្រឹង និងពង្រីងទីផ្សារដែលមានស្រាប់ដូចជា ទីផ្សារប្រទេសចិន ដែលផ្តល់កូតាដល់កម្ពុជាចំនួន៣០ម៉ឺនតោនក្នុង១ឆ្នាំ តែឆ្នាំ២០១៨ កម្ពុជានាំចេញបានតែប្រមាណ១៧ម៉ឺនតោនប៉ុណ្ណោះ និងទីផ្សារផ្សេងៗទៀត។
លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានៅតែមានក្ដីសង្ឃឹម ក្នុងការតវ៉ាជាមួយសហភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងការយកពន្ធនាំចេញអង្កររបស់កម្ពុជាពីអឺរ៉ុប រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។
កម្ពុជានឹងប្រើប្រាស់លក្ខណៈពិសេសរបស់អង្ករកម្ពុជា ដែលប្រទេសនៅអឺរ៉ុបគ្មាន គឺគុណភាពអង្ករក្រអូប ដោយការតវ៉ារបស់កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គឺកម្ពុជានៅមានភាពខ្វះចន្លោះ។
លោក សុខ សុភ័ក្ដ្រ បានបន្ថែមថា យើងមើលឃើញនូវភាពចន្លោះប្រហោង នៃការដាក់ចេញក្តីសម្រេចនេះពីមុន EU ប្រាប់យើងថា ឲ្យយើងនាំចេញអង្ករក្រអូបទៅ អង្ករក្រអូបមិនមានដាំដុះនៅអឺរ៉ុបទេ អ្នកឯងនាំចេញអង្ករស ស្រដៀងគ្នានឹងអង្ករដែលអឺរ៉ុបមានដែរ ដូច្នេះយើងបានឃើញផ្លូវច្បាប់នេះ។
លោកសង្ឃឹមថា ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការ WTO ដំណើរការឡើងវិញ ដើម្បីកម្ពុជាអាចធ្វើការតវ៉ាបាន ជុំវិញបញ្ហាយកពន្ធនេះ។
សូមជម្រាប់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន។
សហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន៕ ដោយ ៖ បញ្ញាស័ក្តិ