ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន បានថ្លែងថា ក្នុងបំណងអភិវឌ្ឍធនធានមនុស្សឲ្យប្រកបដោយគុណវុឌ្ឍិ និងចំណេះដឹងទូលំទូលាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ប.ព.ស. ) ដើម្បីឱ្យប្រទេស កម្ពុជា ឈានឡើងទៅកាន់ដំណាក់កាលថ្មី នៃការអភិវឌ្ឍ ជាពិសេសការប្រកួតប្រជែងនាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា សិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិមានចំណេះដឹងមូលដ្ឋានផ្នែក ប.ព.ស. អាចបម្រើការងារ និងការបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា ។
ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នារសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងត្រីភាគី អនុវត្តន៍គម្រោងបំពាក់សម្ភារៈកុំព្យូទ័រ ដល់សាលាមធ្យមសិក្សាចំនួន២០ រវាងក្រសួងអប់រំយុវជននិងកីឡា និងក្រុមហ៊ុន វៀតធេល(ខេមបូឌា) គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ខាងផ្នែកបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួន សម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ក្នុងឆ្នាំ២០១៨ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានប្រមាណ៩ភាគរយ នៃចំនួននិស្សិតសរុប។ ចំនួននេះ មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងកំឡុងពេលដែលបច្ចេកវិទ្យាកំពុងវិវត្ត យ៉ាងឆាប់រហ័ស ហើយធុរកិច្ចជាច្រើន គ្រប់វិស័យ មានទាំងវិស័យធនាគារហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ការផ្តល់សេវាកម្មនានា កំពុងងាកផ្លាស់ប្តូរទៅបែបឌីជីថល។ ហេតុនេះ ជាគោលដៅរួមរបស់រាជរដ្ឋាភិបាល យើងចង់បង្កើនចំនួនវិស្វករបច្ចេក វិទ្យាដល់១៥ភាគរយ ក្នុងឆ្នាំ២០២០ ហើយបំពាក់បំណិនវិជ្ជាជីវៈ ខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថល ដល់សិស្សដែលចប់មធ្យមសិក្សាគ្រប់ៗគ្នា ដើម្បីអាចឱ្យពួកគេដើរទាន់ ការវិវត្តឥតឈប់ឈរ នៃសង្គមឌីជីថលនេះ ។
មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជ្រោមជ្រែង គាំទ្រលើការផ្តួចផ្តើម រៀបចំកិច្ចការនេះរហូតមក។ លោកសង្ឃឹមថា ការផ្តួចផ្តើមកិច្ចសហការនេះ នឹងហុចជាផ្លែផ្កា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច កម្ពុជា ក្នុងសម័យកាលឌីជីថល ហើយស្នើសុំឱ្យមានកិច្ចសហការ ស្អិតល្មួតបន្ថែមទៀត ក្នុងគោលដៅរួមគ្នា ៕ ដោយ៖កូឡាប