កំពង់ចាម៖ ចេកអំបូងលឿង ត្រូវវេចខ្ចប់តាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្យារអន្តរជាតិ របស់ក្រុមហ៊ុនកៅស៊ូបឹងកេត បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកមួយនេះ បានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ហិកតា ក្នុងនោះផ្ទៃដី ១០០ហិកតា កំពុងធ្វើការប្រមូលផលនិងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន។
នៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាកិត្តិយសក្នុងពិធីវេចខ្ចប់ចេកអំបូងលឿងដើម្បីធ្វើការនាំចេញទៅកាន់ទីផ្យារអន្តរជាតិរបស់ក្រុមហ៊ុនកៅស៊ូបឹងកេត ដែលមានទីតាំងនៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ណេង ប្រធានគណកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម។
តាមរបាយការណ៍របស់លោកនាយកក្រុមហ៊ុនាបានឲ្យដឹងថា ក្រុមហ៊ុនបានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ហិកតា ក្នុងនោះផ្ទៃដី ១០០ហិកតា កំពុងធ្វើការប្រមូលផលនិងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយអនាគតគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១.៥០០ហិកតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍សាទរចំពោះក្រុមហ៊ុនក្នុងស្រុក ដែលបានជឿជាក់ ទុកចិត្ត លើស្ថិរភាពនោយបាយ និងសេដ្ឋកិច្ច ជាពិសេសគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាប់យកភាគីចិន ធ្វើជាដៃគូវិនិយោគដំណាំចេក ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច យ៉ាងធំធេងសម្រាប់ទីផ្សារចិន ទាំងក្នុងពេលបច្ចប្បន្ន និងពេលអនាគត។ សមិទ្ធផលនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តគំនិតស្មារតី ទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្ទាល់ ដោយទទួលបានកិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង ស្តីពីការជំរុញផលិតកម្មក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយ:ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មពី A ដល់ Z ។
នាឱកាសនេះ លោក រដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេស ជាពិសេស ការងារភូតគាមអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេក ឆ្លើយតបតាមស្តង់ដារទីផ្សារ៕ ដោយ៖បញ្ញាស័ក្តិ