Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ខារ៉ាអូខេ PRO KTV ក្រោយ​បង្ក្រាបបាន​ជនសង្ស័យ​៥៨​នាក់ និង​គ្រឿងញៀន​មួយចំនួន

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​និយាយថា​ ​អាជ្ញាធរ​បានសម្រេច​បិទ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ PRO KTV ដែល​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ផ្ទះ​លេខ​៧៥៧ និង​៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មិន​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ​ទៀតឡើយ បន្ទាប់ពី​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន​ជនសង្ស័យ​៥៨​នាក់ ជាមួយនឹង​ថ្នាំញៀន​មួយចំនួន​។

​នាយ​ឧ​ត្ត​សេនីយ៍​បាន​បញ្ជាក់ថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រួចមក ទីតាំង​ខាងលើនេះ មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទៀត​ទេ ព្រោះ​សមត្ថកិច្ច​ធ្លា​ប់ង្ក្រាប​ករណី​គ្រឿងញៀន​ម្តង​រួចមកហើយ និង​ទើប​បង្ក្រាប​ម្តងទៀត​នៅ​យប់​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។ ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ទីតាំង​ដដែល​នេះ បើក​អាជីវកម្ម​ប្រភេទ​នេះ​ទៀតឡើយ គឺ​សម្រេច​បិទ​តែម្តង​។​

​យោងតាម​កំណត់​ហេតុដែល​បាន​បង្កើត​គណៈកម្មការ​ដែលមាន​សមាសភាព​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ លោក​អភិបាលរង​រាជធានី​ភ្នំពេញ លោកនាយ​ករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក​អធិការរង​នគរបាល​ខណ្ឌចំការមន ដែល​សរុប​ចំនួន​១៧​រូប គឺ​គណៈកម្មការ​ចម្រុះ បានសម្រេច​បិទ​ទីតាំង​ក្លឹង​PRO KTV ជា​បណ្តោះអាសន្ន ក្រោយ​ពេលដែល​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ករណី​គ្រឿង​ញៀន​នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៩​។​

បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​ស្អែក​នេះ​។​

​សូមបញ្ជាក់ថា នៅ​រាត្រី​ថ្ងៃទី​១៨​ខែមករា​ ឆ្នាំ២០១៩ ពី​ម៉ោង​១២​និង​១៥​នាទី ឈានចូល​ថ្ងៃទី​១៩​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ (​ក​៨)​និង​(​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន និង​ផ្តល់​ទីតាំង​អោយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​ព្រះមុន្នីវង្ស​( ក្លឹប​ប្រូ​)​ផ្ទះ​លេខ​៧៥៧​និង​៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​ឃាត់ខ្លួន ជនសង្ស័យ​៥៨​នាក់​(​ស្រី​២៤) ជនជាតិ​ចិន​២៩​នាក់ ស្រី​៥​នាក់​។ ជនជាតិ​វៀត ណា​ម ២៣​នាក់ ស្រី​១៥​នាក់​។ ជនជាតិ​ថៃ ០២​នាក់ ស្រី​ជនជាតិខ្មែរ ០៣​នាក់ ស្រី​២​នាក់​។ ជនជាតិ​កូរ៉េ ០១​នាក់ ប្រុស​។ ធ្វើតេស្ត​ទឹក​ម៉ូត វិជ្ជមាន​៥២​នាក់ អវិជ្ជមាន​០៦​នាក់​។ បែង​ប្រភេទ​ជនសង្ស័យ គឺ​អនុប្រធាន​ក្រុមហ៊ុន​០១​នាក់ ជា​ម្ចាស់​ទីតាំង​។ មេការ​ធំ​១​នាក់ មេការ​តូច ០១​នាក់ ជា​អ្នកចាត់ចែង អ្នកប្រើប្រាស់​៥៣​នាក់ អ្នក​កំដរ ០២​នាក់​។​ចាប់យក​វត្ថុតាង អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់​២,០៥​ក្រាម ម្សៅ​គេ​តា​មីន​៦,៥៨​ក្រាម ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ៩៧,០៨​ក្រាម​ ។ បញ្ជាក់​: វត្ថុតាង​ខាងលើនេះ មិនទាន់មាន​អ្នកទទួលខុសត្រូវ​ទេ ដោយ​ថ្នាំ​ទាំងនេះ​រាយ​បាយ​លើ​តុ ជ្រុះ​ដី ពូកគេ​បដិសេធ​ន័​ទាំងអស់គ្នា ។​

​សូមបញ្ជាក់ ទីតាំង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ម្តង​រួចមកហើយ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​មនុស្ស​១៧​នាក់ (​ស្រី​៣) ក្នុងនោះ អ្នកជួញដូរ​២​នាក់ និង​អ្នកប្រើប្រាស់​១៥​នាក់ (​ស្រី​៣​នាក់​) និង​បាន​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន ៣០​គ្រាប់ និង​ម៉េ​តំ​ហ្វេ​តា​មីន ICE ១៨​កញ្ចប់​តូច​ទៀតផង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×