ប៉េកាំង ៖ នៅល្ងាចថ្ងៃទី ២០ ខែ មករា នេះ បន្ទាប់ពីបានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការលើកទី ៦ ហើយដែល សម្តេច បានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរិតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។
នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១,២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០,០១ភាគរយ តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០,០៥ភាគរយ នៃចំនួនប្រជាជនចិន ១.៣០០ លាននាក់។
ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥.៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោកដល់និស្សិតឲ្យបានយល់ដឹង ហើយ សម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនឲ្យពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិឲ្យបានរឹងមាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយនិងមានមោទនៈភាព ដែលបានឃើញកូនក្មួយនិស្សិតមានឱកាសបានមកសិក្សានៅប្រទេសចិន ដែលជាប្រទេសមហាអំណាចមួយដែរ។ សម្តេចបានលើកទឹកចិត្តអោយក្មួយៗនិស្សិតយកចិត្តទុកដាក់ក្នុងការសិក្សារួមទាំងភាសាអង់គ្លេស និងភាសាចិន ហើយរស់នៅគោរពច្បាប់ប្រទេសចិន រក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយយកអាសារគ្នាទាំងតាមរយៈដោយផ្ទាល់ខ្លួន និងតាមរយៈសមាគម ឬតាមរយៈសាលា និងតាមរយៈកុងស៊ុល និងស្ថានទូតជាដើម។ ទន្ទឹមនឹងនេះដែរ គឺត្រូវខិតខំយកពេលវេលាសិក្សារៀនសូត្របង្កើនចំណេះដឹង និងសមត្ថភាពអោយកាន់តែមានប្រយោជន៍ដល់ខ្លួន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ និងបានឧបត្ថម្ភដល់ការសិក្សារបស់ក្មួយៗនិស្សិតក្នុងម្នាក់ៗទទួលបាន ៣០០ ដុល្លារ ព្រមទាំងឧបត្ថម្ភដល់សមាគមនិស្សិតនៅប្រទេចិន ៩០.០០០ (ថវិកាសម្តេច ៣ម៉ឺន, សភាពាណិជ្ជកម្ម ៥ម៉ឺន, និងមន្ត្រីរដ្ឋាភិបាល ១ម៉ឺន) ។ សម្តេចតេជោ បានជូនពរដល់កូនក្មួយនិស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ តាមការគ្រោងទុក គឺសម្តេចតេជោ នឹងអញ្ជើញមកប្រទេសចិនម្តងទៀត នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជាយើង៕ ដោយ៖កូឡាប