ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានគូសបញ្ជាក់ អំពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្ដួចផ្ដើម ប្រកបដោយនវានុវត្ដន៍របស់ថៃ ក្នុងការបង្កើតនូវ មជ្ឈមណ្ឌលអាស៊ាន សម្រាប់ការសិក្សា និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងឆ្នាំនេះ ។
នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៩លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញទៅដល់ទីក្រុងឈៀងម៉ៃ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ ដោយមានការស្វាគមន៍ពីប្រទេសម្ចាស់ផ្ទះ និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការបរទេសអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀងម៉ៃ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ទាក់ទងនឹងការបន្តតាមដានលើលទ្ធផល កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ។
ក្នុងអំឡុងកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឋានៈជាប្រធានអាស៊ាន បានជម្រាបជូនអង្គប្រជុំអំពីចំណុចអាទិភាពរបស់ថៃ ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០១៩ ក្រោមមូលបទ ការជម្រុញភាពជាដៃគូសម្រាប់ចីរភាព។ ចំពោះការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីទាំងអស់ បានពិភាក្សាប្រកបដោយផ្លែផ្កាលើការ អនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ជាពិសេសផែនការលម្អិតសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សមាហរណកម្មអាស៊ាន ការកាត់បន្ថយគម្លាតអភិវឌ្ឍ និងការតភ្ជាប់អាស៊ាន ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបន្តពង្រឹងមជ្ឈភាពអាស៊ាន និងតួនាទីនាំមុខអាស៊ាន នៅក្នុងនិមាបន្មកម្មតំបន់ដែលកំពុងវិវត្តន៍ និងទំនាក់ទំនងជាមួយភាគីខាងក្រៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានទទួលស្គាល់ពីការប្រកួតប្រជែង ដែលកើនឡើរវាងមហាអំណាចធំៗនៅក្នុងតំបន់ និងផលប៉ះពាល់ដែលអាចមានដល់មជ្ឈភាពអាស៊ាន ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ការពង្រឹងការឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃភាពបើកចំហរ នវានុវត្តន៍ និងការបំពេញគ្នាទៅវិញទៅមក។ ឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា អាស៊ានគួរ បង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែម ក្នុងការកសាងសហគមន៍អាស៊ាន ជាមួយគ្នានេះដែរ ត្រូវបន្តទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីបម្រើផលប្រយោជន៍ដ៏ល្អប្រសើរ នៃសន្តិភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងអន្តរជាតិ ។
ទាក់ទងនឹងការពង្រឹងការបំពេញបន្ថែម រវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ប្រមុខកាទូតកម្ពុជា យល់ឃើញថា ភាពរឹងមាំនៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងការសម្របគោលនយោបាយអភិវឌ្ឍថ្នាក់ជាតិ ឲ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពី ការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានគូសបញ្ជាក់ផងដែរ អំពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្ដួចផ្ដើម ប្រកបដោយនវានុវត្ដន៍របស់ថៃក្នុងការបង្កើតនូវ មជ្ឈមណ្ឌលអាស៊ាន សម្រាប់ការសិក្សា និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងឆ្នាំនេះ។ បន្ថែមលើនេះ ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងអាចធ្វើការជាមួយក្រុមអ្នកវិភាគជាតិ និងតំបន់ដទៃទៀត ដើម្បីស្វែងរកគំនិតថ្មី ធំទូលាយ ដែលអាចបញ្ចូល ទៅក្នុងសកម្មភាពថ្នាក់ជាតិ និងតំបន់ ក្នុងការគាំទ្រការអនុវត្ដគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានទទួលស្គាល់អំពីសារៈសំខាន់ នៃការបង្កើតនូវវិធីសាស្ត្ររួមអាស៊ាន ស្តីពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្អែកលើគោលការណ៍ សំខាន់ៗ រួមមាន បរិយាប័ន្ន តម្លាភាព និងការបំពេញបន្ថែម។
រដ្ឋមន្ដ្រីទាំងអស់ ក៏បានសម្រេចឲ្យឧត្ដមមន្ដ្រីអាស៊ាន ធ្វើការពិភាក្សាបន្ថែម លើទស្សនទាននេះ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរពីការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងការត្រៀមចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាព អឺរ៉ុបលើកទី២២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីពិនិត្យមើលការរីកចម្រើន នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហភាពអឺរ៉ុប និងទិសដៅអនាគត ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួមសម្រាប់តំបន់ទាំងពីរ និងពិភពលោកទាំងមូល ។
រដ្ឋមន្ដ្រីការបរទេសអាស៊ាន ក៏បានឯកភាពជាគោលការណ៍ ចំពោះការលើកតម្លើងពីភាពជាដៃគូទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្ដ្រ ក្រោមការបន្តចរចាលើចំនុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់៕ ដោយ៖បញ្ញាស័ក្តិ