Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​បណ្តែត​ទឹក​មួយ​ចំនួន មិន​ព្រម​ឡើង​គោក ហើយ​មួយចំនួន បាន​ត្រឡប់​ទៅកាន់​កន្លែង​ចាស់​វិញ នៅក្នុង​ឃុំ​ឆ្នុក​ទ្រូ​

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​បរិបូរណ៍ ក៏ដូចជា បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​បណ្តាញសារព័ត៌មាន បាន​ផ្សាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ថា ការធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក របស់​បងប្អូន​ជនជាតិ​វៀតណាម នៅក្នុង​ឃុំ​ឆ្នុក​ទ្រូ ខេត្ត​កំពង់ឆ្នាំង​នោះ មក​រស់នៅ​លើ​ដីគោក មិន​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន តាម​ការកំណត់​របស់​សមាគមន៍​វៀតណាម និង​អាជ្ញាធរ​ខេត្ត​នោះទេ​។​

​ផ្ទះ​បណ្តែត​ទឹក​មួយ​ចំនួន​មិន​បាន​ធ្វើ​បម្លាស់​ទី​ទេ ដោយ​មាន​សមត្ថកិច្ច​កា​ង និង​មួយចំនួនទៀត ឡើង​មក​ហើយ​ត្រឡប់​ទៅកាន់​កន្លែង​ចាស់​វិញ ដោយសារ​ត្រូវដង​ត្រូវផ្លែ​គ្នា ជាមួយ​សមត្ថកិច្ច និង​អាជ្ញា​ធរ​នៅ​ទីនោះ ។ ដោយឡែក ចំពោះ​ផ្ទះ​ដែល​គេ​សង់​រកេតរកូត​នៅ​ខាងលើ​នោះ មួយចំនួន​គ្មាន​មនុស្ស​នៅ​ទេ គឺ​គេ​សង់​ដើម្បី​ចាប់យក​ដី​តែ​ប៉ុណ្ណោះ ។​

​សូម​រំលឹក​ថា កាលពី​ខែ​មីនា ឆ្នាំ ២០១៨​កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ សរុប​មាន​ចំនួន​១.៨៤៨​គ្រួសារ ក្នុងនោះ​ខ្មែរ​មាន​ចំនួន​១.៤០៤​គ្រួសារ​វៀតណាម​ចំនួន​៣៧២​គ្រួសារ និង ខ្មែរ​អ៊ីស្លាម​ចំនួន​៧២​គ្រួសារ ដែល​មួយចំនួនធំ បាន​ឡើង​មក​រស់នៅ​លើ​គោក តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​រួចហើយ ។​

​យ៉ាងនេះ​ក្តី​អាជ្ញាធរ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ ក៏​សូម​សំណូមពរ​ដល់​ការ​បន្លាស់​ទី របស់​អ្នក​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក ឡើងមក​លើគោក ។​

​ការរស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន​ទឹក បង្ក​ឲ្យ​ស្ទះចរាចរណ៍​ផ្លូវទឹក បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ផងដែរ​។​

​ម្យ៉ាងទៀត​ការធ្វើ​អាជីវកម្ម លើ​ផ្ទះ​បណ្តែត​ទឹក ដូចជា កន្លែង​ជួសជុល​ម៉ាស៊ីន ជាង​ក្រឡឹង សិប្បកម្ម​ធ្វើ​ទូក កាណូត អាជីវករ​លក់​ប្រេងឥន្ធនៈ អាជីវកម្ម​បញ្ចូល​អាគុយ ការ​ចោល​សំរាម ថង់ប្លាស្ទិក និង​កាក​សំណល់​ផ្សេងៗ​ទៀត ទៅក្នុង​ទឹក​បាន​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន ទឹក​យ៉ាង​ធ្ងន់ធ្ងរ ។​

​ចំពោះ​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន ២៣៩៧​គ្រួសារ កំពុង​រស់នៅ​តាម​ដង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ។ ដូចជា នៅ​តំបន់​ចុង​កោះ ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៌ និង មាននៅ​តាម​តំបន់​ផ្សេងៗ មួយចំនួនទៀត ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×