ខេត្តកោះកុង ៖ ប្រជានេសាទមួយចំនួន ដែលប្រកបរបរដាក់មងត្រីកាម៉ុង ឬត្រីប្លាធូ ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមឆ្នាំងជារៀងរហូតមកនោះ បានបង្ហាញចម្ងល់ថា ចំពោះសេចក្ដីជូនដំណឹង ហាមមិនឲ្យនេសាទត្រីកាម៉ុង នៅរដូវបិទធ្វើនេសាទត្រីកាម៉ុង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអគ្គនាយកដ្ឋានរដ្ឋបាលជលផល ស្តីពីការបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០១៩នេះ គឺពួកគាត់បានចូលរួមសហការជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធជាបន្តបន្ទាប់មក។
ទន្ទឹមគ្នានេះ ប្រជានេសាទជាលក្ខណៈគ្រួសារ ក៏ចង់ឃើញ ឈ្មួញនេសាទ ដែលប្រើឧបករណ៍នេសាទខុសច្បាប់ និងទូកចាប់ត្រីកាម៉ុង ឬនេសាទត្រីធំៗ ឲ្យក៏ត្រូវអនុវត្តតាមសេចក្តីជូនដំណឹង របស់ក្រសួង និងមន្ទីកសិកម្ម ឲ្យបានទាំងអស់គ្នា នារដូវបិទនេសាទ ដើម្បីទុកពេលឲ្យត្រីកាម៉ុងពងកូនបន្តពូជមានបរិមាណច្រើនឡើងវិញ។
សេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រដូវបិទធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ នៅក្នុងដែននេសាទសមុទ្រកម្ពុជា គឺចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ជាកំហិត។
ទោះជាបែបនេះក្តី សេចក្តីជូនដំណឹងខាងលើនេះ ចំពោះប្រជានេសាទ ដែលប្រកបរបរ នេសាទដាក់មងត្រីកាម៉ុង បន្តតាំងពីដូនតាមកនោះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះនាំឲ្យពួកគាត់បាត់ប្រាក់ចំណូល ពីការធ្វើរបរនេសាទ សម្រាប់ចំណាយចិញ្ចឹមគ្រួសារជារៀងរាល់ថ្ងៃ។
ប្រជានេសាទជាលក្ខណៈគ្រួសារ បានត្អូញត្អែរថា ចំពោះការបិទមិនឲ្យធ្វើរបរនេសាទ គឺមានការនេសាទប្រភេទត្រីកាម៉ុង ដោយពួកគាត់លើកឡើងថា មុខរបរមួយនេះ ជាមុខរបរសម្រាប់ចិញ្ចឹមឆ្នាំងបាយ របស់ពួកគាត់ ដើម្បីរស់ត្រឹមមួយពេលៗតែប៉ុណ្ណោះ ពោលគឺបានព្រឹកខ្វះល្ងាច បានល្ងាចខ្ចះព្រឹក ប៉ុន្តែប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធមកហាមឃាត់ មិនឲ្យធ្វើនេសាទជាដាច់ខាតនោះ គឺពួកគាត់នឹងត្រូវដាច់បាយ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជានេសាទជាលក្ខណៈគ្រួសារ ក៏បានរិះគន់ថ្នាក់ដឹកនាំ មន្ទីរកសិកម្មខេត្តកោះកុង និងប្រធានជលផលខេត្តនេះថា ការបិទធ្វើរបរនេសាទត្រីកាម៉ុង ឬត្រីប្លាធូរ នៅដែនសមុទ្រខេត្តកោះកុង នៅរដូវបិទនេសាទឆ្នាំនេះ គឺពុំមានតម្លាភាពចំពោះពួកគាត់នោះទេ ដោយពួកគាត់លើកហេតុផលព្រមគ្នាថា ចំពោះទូកនេសាទធំៗ ដែលប្រើឧបករណ៍ស្វ័យប្រវត្តិខុសច្បាប់ជលផល នៅតែបន្តធ្វើរបរនេសាទ ក្នុងដែនសមុទ្ររាល់ថ្ងៃ ដោយមិនខ្វល់ពីសេចក្តីជូនដំណឹង របស់ក្រសួង និងមន្ទីកសិកម្មខេត្តកោះកុងនោះទេ។
ទាក់ទិនបញ្ហានេះ លោក ឡាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឲ្យអ្នកសារព័ត៌មានដឹងថា ករណីខាងលើនេះ គឺរដ្ឋបាលជនផល បានជូនដំណឹង ដល់ប្រជានេសាទរួចហើយ។
លោកបន្តថា សេចក្តីជូនដំណឹងនោះ គឺចាប់អនុវត្តន៍ចាប់ពីថ្ងៃរដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹងមកម្ល៉េះ។ ហើយថា រដូវបិទនេសាទត្រីកាម៉ុងនេះ មានរយៈពេលជាង២ខែ ដើម្បីទុកពេលឲ្យពូជត្រីកាម៉ុងបានបន្តពូជ។
ត្រង់ចំណុចនេះ ចំពោះទូកនេសាទធំៗ ដែលប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ ប្រភេទមងអូស មងព័ទ្ធ និងប្រភេទទូកអូសគូ របស់ប្រទេសជិតខាងមានទូកថៃ និងវៀតណាម ដែលចូលមកធ្វើនេសាទ លើដែនសមុទ្រកម្ពុជា លោក ឡាង គីរី បញ្ជាក់ថា ខាងស្ថាប័នលោក ពុំបានគ្រប់គ្រងទេ គឺស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់គណៈកម្មការបង្ក្រាបបទល្មើសលើលំហសមុទ្រឯណោះទេ។
បញ្ហានេះ លោក ឡាង គីរី បញ្ជាក់ថា ខាងស្ថាប័នលោក គឺគ្រប់គ្រងត្រឹមតែទូកនេសាទ របស់ប្រជាពលរដ្ឋ ក្នុងស្រុក ដែលនេសាទនៅតាមមាត់ឆ្នេរសមុទ្រតែប៉ុណ្ណោះ។
លោកបន្តថា ចំពោះការធ្វើនេសាទជាលក្ខណៈគ្រួសារ លោកបើកឲ្យធ្វើនេសាទបានជាធម្មតា ដោយគ្មានការហាមឃាត់ទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភពីការបាត់បង់ការរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារប្រចាំថ្ងៃឲ្យសោះ។
ដោយឡែកចំពោះការមិនឲ្យនេសាទត្រីកាម៉ុងខាងលើនេះ លោក ឡាង គីរី អះអាងថា រដ្ឋបាលជលផល បានហាមតែទូកនេសាទមងត្រីកាម៉ុងណា ដែលមានប្រវែងចាប់ពី ២០០០ម៉ែត្រឡើងទៅ ហើយមានលក្ខណៈបែបសិប្បកម្ម។ ជាងនេះទៀត រដ្ឋបាលជលផលខេត្តកោះកុង បានហាមដាច់ខាតការចូលទៅធ្វើរបរនេសាទ នៅកន្លែង របស់សហគមន៍នេសាទនៅជិតឡាំដាំ គឺមិនអោយប្រជានេសាទណាម្នាក់ ចូលទៅធ្វើនេសាទជាដាច់ខាត ព្រោះបើមិនគោរពទៅតាមការជូនដំណឹង របស់រដ្ឋជលផលទេ មន្ត្រីជំនាញជលផល នឹងមានវិធានការទៅតាមផ្លូវច្បាប់។
ទន្ទឹមគ្នានេះ ប្រជានេសាទប្រកបរបរដាក់មងត្រីកាម៉ុងតាមបែបលក្ខណៈគ្រួសារ ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ទូកនេសាទប្រើម៉ាស៊ីនធំៗ របស់អ្នកនេសាទមកពីប្រទេសជិតខាងកម្ពុជា មានទូកនេសាទជនជាតិវៀតណាម និងទូកនេសាទថៃ កុំឲ្យចូលមកនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់អនាធិបតេយ្យ ដូចរាល់ថ្ងៃនេះជាបន្តទៀត ព្រោះតាមការសង្កេតឃើញថា ទិន្នផលត្រី ដែលពួកគាត់នេសាទបានជាលក្ខណៈគ្រួសារ គឺរាល់ថ្ងៃនេះ បានថយចុះជាលំដាប់ ជាពិសេសការនេសាទត្រីកាម៉ុង ឬត្រីប្លាធូរនេះឯង៕