Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​សកម្មជន​នៃ​អតីត​បក្សប្រឆាំង​៣​នាក់ ព្រម​បង់លុយ​២០​លាន​រៀល តាមរយៈយុទ្ធនាការ​ម្រាមដៃ​ស្អាត​

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​៖ លោក ជា ជីវ លោក ថោង សារឿ​ន និង​លោក គ្រុយ គឹម​សាំង បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ​រួចហើយ ។​

​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​នាក់ គឺ​លោក ជា ជីវ លោក ថោង សារឿ​ន និង​លោក គ្រុយ គឹម​សាំង បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ តាម​លិខិត​បង្គាប់​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត រួចហើយ នៅ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៩​។ ពួកគេ ជាប់​ពាក់ព័ន្ធ​នឹង​ការរារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត តាមរយៈ “​យុទ្ធនាការ​ម្រាមដៃ​ស្អាត​” នៅ​ខេត្ត​បាត់ដំបង​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ន​នៅ​រសៀល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​នាក់ ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ មាន​ដូចខាងក្រោម ​៖

​ឈ្មោះ ជា ជីវ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១០ លាន​រៀល​។ ឈ្មោះ ថោង សារឿ​ន រស់នៅ​ភូមិ​គាស់ក្រឡ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ចំនួន​៥​លាន​រៀល និង​ឈ្មោះ គ្រ​យ គឹម​សាំង រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន​៥​លាន​រៀល​។ ប្រាក់​ពិន័យ​ទាំងអស់​ត្រូវបាន​បង់​តាមរយៈ លោក សួន ចំរើន ដែល​ជា​តំណាង​របស់​អ្នក​ទាំង​បី​។ ថវិកា​សរុប ២០​លាន​រៀល​នេះ ត្រូវ​បង់​ចូល​ជា​ថវិកា​របស់​រដ្ឋ​។​

​ការបង់ប្រាក់​ពិន័យ​នេះ ធ្វើឡើង​តាម​អំណាច​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​តម្កល់​សេចក្តីសម្រេច​លេខ​០០៩ ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ដែល​សម្រេច​ផ្តន្ទាទោស​បុគ្គល​ទាំង​៣​រូប​ខាងលើ​ពីបទ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឱ្យ​ទៅ​បោះឆ្នោត និង​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ នាំឱ្យ​បាត់បង់​ទំនុកចិត្ត លើ​ការបោះឆ្នោត តាម​មាត្រ​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​បើក​សវន​ការជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្ត​បាត់ដំបង ហើយ​បាន​សម្រេច​ឱ្យឈ្មោះ ថោង សារឿ​ន និង​ឈ្មោះ គ្រុយ គឹម​សាំង ត្រូវបាន​ពិន័យ​ក្នុង​ម្នាក់ៗ ៥​លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​។ ចំណែក​ឈ្មោះ ជា ជីវ ដែល​ជា​មេដឹកនាំ ពិន័យ​១០​លាន​រៀល​។ បុគ្គល​ទាំង​បី​នាក់​នេះ មិន​សុខចិត្ត​ចំពោះ​ការសម្រេច​របស់ គ​.​ជ​.​ប ក៏​បាន​ប្តឹង​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ចេញ​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ដោយ​តម្កល់​ការសម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ​ដដែល​។​

​នៅ​ក្នុង​រយៈកាល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្រុម​បុគ្គល​ខាងលើនេះ បានធ្វើការ​បង្ហោះ​រូបភាព និង​សារ​មួយចំនួន ដោយ​លើក​ម្រាមដៃ ក្នុងន័យ​បំផុសបំផុល​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​គេ​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា យុទ្ធនាការ​ម្រាមដៃ​ស្អាត មានន័យ​ថា មិន​ចូលរួម​បោះឆ្នោត​។ ក្រោយពី​មាន​យុទ្ធនាការ​ម្រាមដៃ​​ស្អាត ក្នុង​គោលបំណង​រារាំង​មិនឱ្យ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​បែបនេះ ទើប​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់ពាក្យ​ប្តឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​កូឡាប​

 

×