ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ទី ២៣ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក ឆាយ រ័ត្ន និងលោក ទេព សុផា មន្ត្រីសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅឌូ (C.CAWDU) មកកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីសួរនាំលើសំណុំរឿងចោទប្រកាន់ជុំវិញ បទល្មើសចូលទន្ទ្រានកាន់កាប់ដីអនុក្រឹត្យ សម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយ មានទីតាំងស្ថិតក្នុងក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
ការចាប់ខ្លួនមនុស្សទាំងពីរនាក់ខាងលើនេះ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចតំបន់ក្បាលឆាយ ដែលជាកន្លែងមានបញ្ហាដីធ្លី ហើយដែលអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ អភិរក្សាការពារជាប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឆាយ រ័ត្ន ចាត់ទុកការចាប់ខ្លួនរបស់លោក ដោយកម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ ថាជារឿងអយុត្តិធម៌ចំពោះរូបលោក ដោយលោកអះអាងថា មិនបានជាប់ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយនោះទេ។ ក្រោយការចាប់ខ្លួនសមត្ថកិច្ចខេត្តព្រះសីហនុ បាននាំខ្លួនអតីតមន្ត្រីបក្ស និងសកម្មជនសិទ្ធិការងារ នៃសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) ទាំងពីរនាក់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ នៅក្នុងអំឡុងពេលនៃការចាប់ខ្លួន កម្លាំងចម្រុះបានរុញច្រានពួកគេ ឲ្យដេកផ្កាប់មុខទៅដី រួចចាប់វាយខ្នោះដៃរុញបញ្ជូនឡាន។
ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុម១៨ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅក្នុងអំឡុងពេលប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារកុំឲ្យអាជ្ញាធររុះរើផ្ទះ និងកាត់ដី របស់ពួកគេចូលក្នុងតំបន់អភិរក្សសម្រាប់ប្រភពទឹកស្អាតក្បាលឆាយ ដែលប្រតិបត្តិការខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ លោក ឆាយ រ័ត្ន ថ្លែងថា សមត្ថកិច្ចបានចាប់ខ្លួនលោក នៅអំឡុងពេលរូបលោកបានដើរទៅមើលការតវ៉ា របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏ ស្រាប់តែអភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន ឃើញរូបលោក និងស្រែកសម្លុតថា ក្រុមប្រឆាំងហើយបានបញ្ជាទៅសមត្ថកិច្ចឲ្យចាប់ខ្លួនលោកដោយហិង្សា។ លោកថា នេះជារឿងអយុត្តិធម៌បំផុតមួយ សម្រាប់រូបលោក ហើយបានស្នើសុំឲ្យសមត្ថកិច្ច ក៏ដូចជាតុលាការដោះលែងរូបលោកឲ្យមានសេរីភាពវិញ។ លោក ឆាយ រ័ត្ន ថ្លែងបន្តថា រូបគាត់ជាអតីតចៅសង្កាត់រងទី២ គណបក្សប្រឆាំង ក្នុងអំឡុងពេលកាលពីឆ្នាំ២០១២ ហើយធ្លាប់ជាប់ពន្ធនាគារម្ដងរួចហើយ ដោយតុលាការបានចោទប្រកាន់លើករណីជម្លោះដីធ្លី នៅតំបន់ក្បាលឆាយខាងលើនេះដែរ។
ចំណែកលោក ទេព សុផា ជាបុគ្គលិកក្រៅម៉ោង ឬសកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) ដែលមានលោក អាត់ ធន់ ជាប្រធានដឹកនាំ។
យ៉ាងណាក៏ដោយចុះ អ្នកយកព័ត៌គេហទំព័រ ប្រចាំខេត្តព្រះសីហនុ នៅមិនទាន់អាចទាក់ទង លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដើម្បីសុំការបំភ្លឺជុំវិញការចាប់ខ្លួនមនុស្សទាំង២នាក់ នៅតំបន់ក្បាលឆាយខាងលើបានទេ នៅថ្ងៃទី២៣ ខែមករា ខណៈឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏មិនអាចសុំការធ្វើអត្ថាធិប្បាយបាននៅឡើយដែរតាមទូរស័ព្ទ។
ទាក់ទិនបញ្ហានេះ ភរិយាលោក ឆាយ រ័ត្ន គឺលោកស្រី សំ សារ៉ាត់ បញ្ជាក់ថា ក្រោយសមត្ថកិច្ចបានចាប់ខ្លួនស្វាមី គឺលោកស្រី បានទៅអង្វរសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដោះលែងស្វាមី ក៏ប៉ុន្តែសមត្ថកិច្ចមិនបានស្តាប់ការអង្វរ របស់លោកស្រីនោះទេ។
ងាកមកអ្នកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគមការពារសិទ្ថិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ដែលបានចុះទៅជួបលោក ឆាយ រត្ន័ និងលោក ទេព សុផា ដល់ស្នងការនគរបាលខេត្តព្រះសីហនុ និងសាលាដំបូងខេត្តព្រះសីះនុ បានឲ្យអ្នកយកព័ត៌មាន ដឹងតាមបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម (Telegram) នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ថា មនុស្សទាំង២នាក់ បាននិយាយរៀបរាប់អ្នកស្រីថា ពួកគេមិនជាប់ពាក់ព័ន្ធការតវ៉ាលើបញ្ហាដីធ្លីនៅតំបន់ក្បាលឆាយ ដូចការចោទប្រកាន់នោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ក៏បានឲ្យដឹងដែរថា តំបន់ដែលមានវិវាទដីធ្លីខាងលើនេះ គឺបានកើតឡើងជាយូរមកហើយ។
ផ្តើមពីបញ្ហានេះ អ្នកស្រី ជាប សុធារី បានសំណូមពរដល់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងអ្នកជាប់ពាក់ព័ន្ធគួរដោះស្រាយជម្លោះដីធ្លីនេះជាកន្លែងចុងក្រោយ ដែលត្រូវកាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋ សម្រាប់សង់ផ្ទះ ឬអាចធ្វើរបរកសិកម្មរស់នៅមានកម្មសិទ្ធិស្របច្បាប់នៅតំបន់នោះ។
ចំណែកប្រធានសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ថ្លែងប្រាប់អ្នកកាសែតថា រូបលោកបានដាក់មេធាវីការពារក្តីជូន លោក ទេព សុផា ដែលជាបុគ្គលិកក្រៅម៉ោងសហជីព របស់លោក។ លោកបន្តថា ក្នុងអំឡុងពេលសមត្ថកិច្ចចម្រុះ ចុះកំណត់ព្រំដីមានទំនាស់នោះ លោក ទេព សុផា ក៏បានសំពះអង្វរ ដល់កម្លាំងសមត្ថកិច្ចកុំឲ្យកាត់ដីពួកគេ ចូលជាតំបន់អភិរក្សការពារប្រភពទឹកស្អាតក្បាលឆាយ ដោយស្នើសុំទុកជូនពលរដ្ឋសង់ផ្ទះរស់នៅ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ត្រង់ចំណុចនេះ លោក អាត់ ធន់ ពន្យល់ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ គួរស្វែងរកដោះស្រាយលើវិវាទដីធ្លី នៅមូលដ្ឋាននេះ ដោយសន្តិវិធី ដោយមិនត្រូវឲ្យមានការចាប់ខ្លួនប្រជាពលរដ្ឋនោះទេ។
មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានឲ្យដឹងថា អាចមានប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ របស់ចូលទៅរស់នៅក្នុងតំបន់រក្សាប្រភពទឹកស្អាត ឬដីអនុក្រឹត្យរដ្ឋបានហាមឃាត់ មានទីតាំងនៅក្រុមទី១៨ ភូមិ០១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
អ្នកឃ្លាំមើលសង្គម អះអាងថា តំបន់ដែលមានការចាប់ខ្លួនមនុស្សទាំង២នាក់ខាងលើនេះ គឺជាតំបន់ដែលជាកន្លែងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រក្សាដីព្រៃ ឬបរិវេណដីតំបន់ខាងលើនេះ ទុកជាតំបន់អភិរក្សការពារប្រភពទឹកស្អាត មានទំហំជាង ៩ហិកតា។
មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាព របស់កម្លាំងចម្រុះ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ចុះកាយប្រឡាយ ដើម្បីកំណត់ព្រំដីរក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ ស្ថិតនៅក្រុមទី១៨ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុនេះ គឺមានរយៈពេលជាងមួយសប្តាហ៍កន្លងមកហើយ ដោយអាជ្ញាធរខេត្តនេះ បានដឹកនាំកម្លាំងចម្រុះ និងគ្រឿងចក្រចុះកាយព្រំដីជាតំបន់ការពារ ដែលឈានដល់ប្រជាពលរដ្ឋ ដែលចូលទៅកាន់រានដីព្រៃតំបន់នោះ បានប្រមូលផ្តុំគ្នាតវ៉ា ចំពោះសកម្មភាពកាយព្រំដី របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ឈានដល់កម្លាំងសមត្ថកិច្ចចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្គោះជាតិម្នាក់ គឺលោក ឆាយ រ័ត្ន និងលោក ទេព សុផា ជាមន្ត្រីសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅឌូ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ៕ ដោយ ៖ ដែន សីមា