ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីឱ្យការអនុវត្តថវិកា ដំណើរការសាលារៀនមានប្រសិទ្ធភាព និងជួយជំរុញដល់ការអនុវត្តកម្មវិធីកែទម្រង់វិស័យអប់រំ ចាប់ពីឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ខាងមុខ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកភាព អនុញ្ញាតឱ្យបង្វែរថវិកាអាហារូបករណ៍ ចូលគណនីធនាគារសាលារៀនសាធារណៈដោយផ្ទាល់ ដើម្បីឧបត្ថម្ភសិស្សក្រីក្រ ជួបការលំបាកនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ក្នុងកម្មវត្ថុ ករណីសំណើរសុំដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តថវិកាដំណើរការសាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។ ក្នុងលិខិតនោះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា ត្រូវមានយន្តការផ្ទៃក្នុងច្បាស់លាស់ដើម្បីឲ្យមានតម្លាភាព និងធានាថាសាច់ប្រាក់អាហារូបករណ៍ ដែលនៅសល់ថាយថាហេតុ ពីការបើកផ្តល់ជូនសិស្សអាហារូបករណ៍ ត្រូវបានផ្ទេរចូលថវិការដ្ឋវិញ។
បើតាមក្រសួងអប់រំ បានឲ្យដឹងថា ដើម្បីឱ្យការអនុវត្តថវិកា ដំណើរការសាលារៀនមានប្រសិទ្ធភាព និងជួយជំរុញដល់ការអនុវត្តកម្មវិធីកែទម្រង់វិស័យអប់រំ ចាប់ពីឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ខាងមុខ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកភាពដូចខាងក្រោម ៖ អនុញ្ញាតឱ្យបង្វែរថវិកាដំណើរការសាលារៀនចំនួន ២ លើកក្នុងមួយឆ្នាំ អនុញ្ញាតឱ្យបង្វែរថវិកា ចូលគណនីធនាគារសាលារៀនសាធារណៈនៅដើមខែមករា ឆ្នាំ២០១៩ ដើម្បីអាចដកសាច់ប្រាក់ផ្ទាល់ សម្រាប់ទិញកុំព្យូទ័រមួយគ្រឿង និងព្រីនធ័រមួយគ្រឿង អនុញ្ញាតឱ្យបង្វែរថវិកាអាហារូបករណ៍ ចូលគណនីធនាគារសាលារៀនសាធារណៈដោយផ្ទាល់ ដើម្បីឧបត្ថម្ភសិស្សក្រីក្រ ជួបការលំបាកនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៕ ដោយ ៖ បញ្ញាស័ក្តិ