ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូដឹកសាំងបានជ្រុលទៅបុកជាមួយរថយន្ត ហើយបានដួលម៉ូតូខ្ចាយសាំង ផ្ទុះឆេះស្លាប់ភ្លាមៗ។ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខហាងកាហ្វេអាមេហ្សូន ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ខាងលើជិះម៉ូតូដឹកប្រេងសាំង ចំនួន៤ប៊ីដុង បើកបរ
ក្នុងល្បឿនលឿន ពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានគេចពីរ៉ឺម៉កមួយគ្រឿង ឆ្លងផ្លូវនៅខាងមុខ ហើយបានដួលខ្ចាយសាំងខ្ទាត ប៉ះបង្គោលភ្លើង និងរថយន្តឡិចស៊ិស ដែលចតនៅលើចញ្ចើមផ្លូវ បង្កឱ្យចេញជាអណ្តាតភ្លើងយ៉ាងខ្មួលខ្មាញ់ ធ្វើឱ្យបុរសខាងលើ ឈ្លក់ផ្សែងភ្លើងឆេះ ខ្លោចស្លាប់ភ្លាមៗ និងរាលដាលឆេះរថយន្តឡិចស៊ិសមួយគ្រឿង និងប្រអប់បង្គោលភ្លើងរបស់ EDC ជាច្រើនប្រអប់។
ក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ អស់មួយគ្រឿង ដើម្បីកុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ ។
ចំណែកសព ត្រូវបានរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារ ៕ ដោយ ៖ បញ្ញាស័ក្តិ