ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្តនាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល សាលាស្រុក.ក្រុង លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៨ នៃខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀតហើយពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំរបស់សាលាខេត្តស្វាយរៀង។
លោក រស់ ផារិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដោយបានប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងបានកាត់បន្ថយភាពក្រីក្រនៅត្រឹមក្រោម១០% ។
ជាការពិតណាស់សមិទ្ធផលទាំងនេះ គឺកើតចេញពីការកែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ ដែលរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាមូលដ្ឋាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ អភិបាលកិច្ច តាមរយៈការជំរុញប្រយុទ្ធប្រឆាំងអំពីពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែទម្រង់តាមវិស័យនានា ។
លោកបានមានប្រសាសន៍បន្តថា ទទ្ទឹមនឹងសមិទ្ធផលនេះដែរ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តដោះស្រាយឲ្យបានជោគជ័យ តាមរយៈការយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៤គឺ៖ ការអភិវឌ្ឍន៍ធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកស្ទួយវិស័យឯកជននិងការងារ, ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។ សំដៅសម្រេចអោយបាននូវគោលដៅយុទ្ធសាស្ត្រចំនួន៤ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦នៃរដ្ឋសភាក្នុងគោលបំណងកសាងមូលដ្ឋានអោយរឹងមាំឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឲ្យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកអភិបាលរងខេត្តបានផ្ដាំផ្ញើដល់លោកនាយករដ្ឋាបាល លោកនាយកទីចាត់ការ ប្រធានអង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត នូវស្មារតីនៃការប្រកាសស្ដីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ ដោយ ៖ វ៉ៃគោ