Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្មបានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ ទីតាំងប៉ុណ្ណោះនៅបន្តបិទឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្តីពី
ការធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់។

ក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីណែនាំលេខ ០៨០០ ព.ណ. អវឯ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្តីពី “ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ “ ទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាង ក្រុមការងារចម្រុះ របស់មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម សាខាក.ប.ប. និងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមត្រួតពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាព ដើម្បីធានាឱ្យមានតម្លាភាព និងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។

នាពេលកន្លងមក ក្រុមការងារចម្រុះបានពិនិត្យបូកសរុប និងផ្ទៀងផ្ទាត់ ឃើញថាមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២ ០០០ ទីតាំងដែលបានបិទឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។ ក្រោយពី ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ និងដេប៉ូ បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ ទីតាំងប៉ុណ្ណោះនៅបន្តបិទឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនោះបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងនិន្នាការនេះ ដើម្បីបន្តធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព និងការចែកចាយប្រកបដោយសមធម៌ ក្រសួងពាណិជ្ជកម្ម សូមណែនាំអំពីការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ដោយការទទួលខុសត្រូវ ខ្ពស់ដូចខាងក្រោម៖
១. ចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ

  • សូមចូលរួមសហការ ដោយធ្វើការជូនដំណឹងដល់ ក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម និង/ឬមន្ទីររ៉ែ ថាមពល និង/ឬមន្ទីរពាណិជ្ជកម្ម ឬតាមរយៈប្រព័ន្ធទំនាក់ខាងក្រោម អំពីបញ្ហាប្រឈម និងការលំបាកនានាក្នុងការទទួលបាននូវ ប្រភពប្រេងឥន្ធនៈ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចជួយសម្របសម្រួល និងដោះស្រាយការផ្គត់ផ្គង់បានទាន់ពេលវេលា – ត្រូវធានាសុវត្ថិភាពដល់អតិថិជន ពេលចាក់លក់ផ្ទាល់ពីដៃចំពួយបាញ់ប្រេងទៅក្នុងមធ្យោបាយផ្ទុកប៊ីដុង/កាន និងត្រូវជៀសវាង ការចាក់បំពេញប្រេងឥន្ធនៈក្នុងមធ្យោបាយផ្ទុកប៊ីដុង/កានស្តុកទុកជាមុនសម្រាប់លក់ និងដែលជាហេតុបង្កហានិភ័យខ្ពស់ អាចធ្វើឱ្យឆាបឆេះ និងប៉ះពាល់បរិមាណ-គុណភាពប្រេងឥន្ធនៈ
  • ស្ថានីយ និងដេប៉ូ ត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបរិមាណបញ្ជាក់លើកាតចេញដោយក្រុមហ៊ុន ដែលអ្នកប្រើប្រាស់មានស្រាប់

២. ចំពោះអតិថិជនជាប្រជាពលរដ្ឋ ក្នុងសហគមន៍ ឬកសិដ្ឋានដែលមានតម្រូវការពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម – សូមចូលរួមសហការ ដោយធ្វើការជូនដំណឹងទាន់ពេលវេលាអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ខ្លួន ទៅកាន់អាជ្ញាធរ មូលដ្ឋាន ជាពិសេសមន្ត្រីកសិកម្មឃុំ និង/ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមកក្រសួង ដើម្បីអាចទទួលបានការ វាយតម្លៃ និងសម្របសម្រួលរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈស្របតាមតម្រូវការចាំបាច់ជាក់ស្ដែងទាំងនោះ

  • សូមប្រើប្រាស់មធ្យោបាយផ្ទុកប៊ីដុង/កោន ក្នុងកម្រិតចំណុះ ដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យ ឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន
  • សូមចូលរួមសហការ តាមរយៈការសន្សំសំចៃ និងប្រើប្រាស់ប្រេងឥន្ធនៈចំពោះតែសកម្មភាពដែលបម្រើតម្រូវការចម្បង ក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បី ធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូច
ណាដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ។
សេចក្តីដូចបានណែនាំខាងលើ ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ម្ចាស់ស្ថានីយ ដេប៉ូ និងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×