ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានចំនួន៣ករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀងដោយធ្វើការ ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ ក្នុងនោះស្រីម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់ (ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ។
យោងតាមសមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះរហូតមកដល់ថ្ងៃទី២៤ ខែមករា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រូលពីលោក គង់ ច័ន្ទខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
ប្រភពខាងលើបានបន្តទៀតថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់ (ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាមព្រមទាំងសម្ភារៈវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើនេះត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើការស្រាវជ្រាវ និងបង្ក្រាបបានចំនួន០៣ករណីផ្សេងគ្នាកាលពីយប់ថ្ងៃទី២២.ទី ២៣ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង៕ ដោយ ៖ វ៉ៃគោ