Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ បន្ត​ជួយ​គាំទ្រ​វិស័យ​សកម្មភាព​មីន ដើម្បី​ឲ្យ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

ភ្នំពេញ ​៖​ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានស្នើ​សុំ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ ដូចជា អូស្ត្រាលី ស្វី​ស កាណាដា អង្គការ UNDP បន្ត​ជួយ​គាំទ្រ​វិស័យ​សកម្មភាព​មីន ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥ ​។​

កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ អាជ្ញាធរ​មីន – Cambodian Mine Action Authority បាន​ផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទី​ស្នាក់​អង្គការ UNDP មាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល នៃ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដោយមាន​ការអញ្ជើញ ចូលរួម​ពី​តំណាង​ប្រទេស​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​រួមមាន ប្រទេស​អូស្ត្រាលី ស្វី​ស កាណាដា និង អង្គការ​UNDP ដើម្បី​ស្តាប់​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​ការងារ​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩​ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន គឺ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៣ មាន​រយៈពេល​៤​ឆ្នាំ ២០១៦-២០១៩​។ សម្រាប់​ឆ្នាំ​២០១៨ គម្រោង​បាន​បន្ត​ដោះស្រាយ​លើ​ចំនុច​គន្លឹះ​ចំនួន​៣ ទី​១៖ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥, ទី​២៖ ការបង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ទី​៣៖ ការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​រួមបញ្ចូល​នូវ​គម្រោង​កាត់បន្ថយ​ផ្ទៃដី តាមរយៈ​ការស្រាវជ្រាវ​មិន​បច្ចេកទេស និង​ការ​គូស​យក​ពហុកោណ​ចំការមីន​ថ្មីៗ​ ។​

​សម្រាប់​ឆ្នាំ​២០១៨ ថវិកា​ប្រមាណ ២.៤៦០.៨៧៧​ដុល្លារ ដែល​បានមកពី​ជំនួយ​ប្រទេស​អូស្ត្រាលី ស្វី​ស កាណាដា និង UNDP ធ្វើការ​បោសសម្អាត​ផ្ទៃដី​បាន​ប្រមាណ ១៧,២១ គីឡូម៉ែត្រ​ក្រឡា ដោយ​ផ្តោតទៅលើ​ខេត្ត​ដែលមាន​អត្រា​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ច្រើន គឺ​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​។​

​តំណាង​ដៃគូរ​អភិឌ្ឍន៍ លោក Nick Beresford នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ដំណើរការ​អនុវត្ត ដោយ​ជោគជ័យ​នូវ​គម្រោង​ឆ្នាំ​២០១៨ ហើយ​ក៏បាន​គាំទ្រ​នូវ​ការបន្ត​រួមគ្នា អនុវត្ត​ការងារ​គម្រោង​សម្រាប់​ឆ្នាំ​២០១៩ និង​គម្រោង​ដំណាក់កាល​ទី​៤​។ លោក Nick ក៏បាន​សម្តែង​នូវ​ការរីករាយ​បំផុត​ចំពោះ​ការចូលរួមចំណែក​ថវិកា​បដិភាគ​១០% ជា​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​រួមចំណែក​ដល់​គម្រោង Clearing for Results ដែល​កំពុង​ទទួល​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ ។​

​ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​, លោក​ទេសរដ្ឋមន្ត្រី លី ធុជ សន្យាថា​នឹង​ប្រើប្រាស់​ថវិកា​ជំនួយ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ឲ្យ​បានជា​ប្រយោជន៍​ពិតប្រាកដ​ដល់​ពលរដ្ឋ ​។

លោក​ក៏បាន​ស្នើសុំ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​បន្ត​ជួយ​គាំទ្រ​វិស័យ​សកម្មភាព​មីន ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥​ ។​

​សូមជម្រាបថា អាជ្ញាធរ​មីន បានរៀបចំ​កិច្ចប្រជុំ Board Meeting ជាមួយ​ប្រទេស​ម្ចាស់ជំនួយ ស្តីពី​គម្រោង​ដោះមីន​ដើម្បី​លទ្ធផល អនុម័ត​ផែនការ​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ និង​លើក​ផែនការ​សម្រាប់​៦​ឆ្នាំ​ខាងមុខ​ទៀត ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​១៥​លាន​ដុល្លារ ពី​សហគម​ផ្តល់ជំនួយ (២០២០ ដល់​២០២៥) ហើយ​កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​ផងដែរ​៕ ដោយ ​៖​ កូ​ឡាប​

×