ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល កំពុងស្ថិតក្នុងដំណាក់កាលកែទម្រង់យ៉ាងសំខាន់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សំដៅការពារអត្ថប្រយោជន៍ ជូនប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះសូមរង់ចាំសហការជាមួយគ្នា លើកិច្ចការបង្ក្រាបផលិតផលខុសច្បាប់ នៅតាមហាងលក់ទំនិញ និងទីផ្សារ នេះបើតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងទៅកាន់លោក David Wigglesworth នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លីមីធីត។
នៅក្នុងជំនួបដែលរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានជម្រាប លោក David Wigglesworth អំពីកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន និងទាក់ទាញវិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចងក្រងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗដូចជា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ដែលនៅពេលអនុម័ត នឹងជួយពង្រឹងតួនាទី និងដែនសមត្ថកិច្ច របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការទប់ស្កាត់ទំនិញខូចគុណភាព និងខុសច្បាប់ ព្រមទាំងសកម្មភាពធុរកិច្ចមិនស្មោះត្រង់ នៅក្នុងប្រទេសកម្ពុជា។
លើសពីនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការផលិតភេសជ្ជៈកូកា-កូឡា សម្រាប់បម្រើវិស័យទេសចរណ៍ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកាស៊ីណូ ព្រមទាំងការចូលរួមទប់ស្កាត់ សកម្មភាពឃោសនាពាណិជ្ជកម្ម ដែលមានលក្ខណៈបោកបញ្ឆោត អ្នកប្រើប្រាស់ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីបណ្តាញសង្គមនានា។
ជាការឆ្លើយតប លោក David Wigglesworth បានជម្រាបជូន លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីវឌ្ឍនភាពធុរកិច្ច របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លីមីធីត ដែលកាលពីឆ្នាំ២០១៨ ប្រាក់ចំណេញពីការលក់សរុប របស់ក្រុមហ៊ុន បានកើនឡើង ១២ភាគរយ ព្រមទាំងបានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលកន្លងមក តែងតែគាំទ្រផលិតផលកូកា-កូឡា និងប្រតិបត្តិការធុរកិច្ច របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា លីមីធីត។
លោក David Wigglesworth ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីកម្មវិធីសង្គហធម៌ (ការជួយសង្គម) របស់ក្រុមហ៊ុន និងបានសន្យាផ្តល់នូវប៉មទឹកស្អាតមួយ ដែលមានសមត្ថភាពចម្រោះទឹកស្អាតចំនួន ១.០០០លីត្រ ក្នុងមួយថ្ងៃ អាចជួយបង្ការជំងឺរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ទៅតាមតម្រូវការចាំបាច់៕ ដោយ ៖ រចនា