តាម Daily Star ចុះផ្សាយថ្ងៃទី ១៤/១២/២០១៧ បានបង្ហាញឲ្យឃើញនូវភាពប្រញាប់ប្រញាល់បង្កើនល្បឿន នៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយករណីបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបខ្លាំងបំផុត នៅថ្ងៃទី ២៩/១១ ដែលត្រូវបានអះអាងថា អាចបាញ់ដល់ប្រទេសអាមេរិក។
ជាក់ស្តែងគេពិនិត្យឃើញថា រដ្ឋការកូរ៉េខាងជើងក្នុងរជ្ជកាលដឹកនាំរបស់ Kim Jong-Un ពិតជាធ្វើពិភពលោករំជើបរំជួលចំពោះទង្វើប្រថុយប្រថានអាចបណ្តាលឲ្យមានសង្គ្រាមនុយក្លេ តើលោកKim Jong Un ជាមនុស្សបែបណា? ហេតុអ្វីបានជាកូរ៉េខាងជើងប្រថុយប្រថានបាញ់បង្ហោះកាំជ្រួចបែបនេះ?

តើ Kim Jong Un ជានរណា?
Kim Jong Un ជាមេដឹកនាំ នៃរដ្ឋអាថ៌កំបាំងបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែជីវិតកុមារភាពរបស់លោក បែរជារំលងទៅនៅលោកខាងលិច។ ជាកូនប្រុសពៅរបស់អតីតមេដឹកនាំ Kim Jong-il -មេដឹកនាំកូរ៉េខាងជើង ដែលដឹកនាំប្រទេសនេះតាំងពីឆ្នាំ ១៩៩៤ រហូតទទួលមរណៈភាព។
ក្នុងអំឡុងពេល ២សប្តាហ៍ក្រោយមរណៈភាពរបស់ឪពុក លោក Kim Jong Un ត្រូវបានចង្អុលថា ជាអ្នកបន្តវេនរបស់រដ្ឋ និងកងទ័ពប្រទេសនេះ។
ហេតុអ្វីកូរ៉េខាងជើងក្រោមរជ្ជកាល Kim Jong Un បានសាកល្បងកាំជ្រួចខ្លាំងក្លាជាងមុន?
គេជឿថា កូរ៉េខាងជើងបានដំណើរការបាញ់បង្ហោះសាកល្បងកាំជ្រួចចំនួន ១១៧គ្រាប់ តាំងពីឆ្នាំ ១៩៨៤ ។ តាំងពីយូរយារមកហើយ កូរ៉េខាងជើងយកអាវុធនុយក្លេអ៊ែរ ដើម្បីបង្ហាញអំណាចរបស់ខ្លួន។
ពេលឡើងកាន់អំណាចភ្លាមៗ Kim Jong Un បាននិយាយថា ៖ “ឧត្តមភាពនៃបច្ចេកវិទ្យាយោធា ពុំមែនជាសិទ្ធិផ្តាច់មុខទៀតនោះទេ។ យើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធប្រជាជន”។ បច្ចុប្បន្នកាលបានបញ្ជាក់ថា សម្តីគ្រានោះរបស់លោក Kim Jong Un ពុំមែនជាការលេងសើច។
ក្នុងអំឡុងពេល៦ឆ្នាំដំបូង នៃការកាន់អំណាច លោក Kim Jong Un បានសាកល្បងកាំជ្រួចច្រើនជាងជីតា និងឪពុករបស់ខ្លួនបូកបញ្ចូលគ្នា។ លោក Kim Jong Un បានបញ្ជាឲ្យសាកល្បងកាំជ្រួចជាង ៨០លើក។
អ្នកវិភាគចាត់ទុកថា ល្បឿននៃការពិសោធន៍បែបនេះត្រូវបានអនុវត្តសំដៅប្រមូលផលនយោបាយជាអតិប្បរមា។ គេក៏បានលើកឡើងថា ការសាកពិសោធន៍កាំជ្រួចមានលទ្ធភាពបាញ់ដល់អាមេរិកជាគោលដៅចុងក្រោយរបស់កូរ៉េខាងជើង។ ព្រោះគេជឿថា កិច្ចប្រឹងប្រែងចុងក្រោយរបស់អាមេរិកគឺសំដៅកម្ចាត់លោក Kim Jong Un ចោល។
ទន្ទឹមនោះក៏មានការយល់ឃើញផ្សេងទៀតថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺសំដៅវាយត្រួតត្រាយកប្រទេសកូរ៉េខាងត្បូង ក្នុងរជ្ជកាលរបស់ Kim Jong Un តែងម្តង។
Yun Sun ដែលជាសហការីជាន់ខ្ពស់នៃមជ្ឈមណ្ឌល Stimson បាននិយាយថា “ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចុងក្រោយសំដៅឯកភាពឧបទ្វីបកូរ៉េ។ អាវុធនុយក្លេអ៊ែរ ជារបាំងរារាំងកុំឲ្យអាមេរិកលូកដៃចូលក្នុងការអនុវត្តមហិច្ឆិតានេះ។ ដូច្នេះឯង យើងច្រើនឮពាក្យនិយាយថា ការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពុំបានសំដៅទៅលើអាមេរិក ហើយក៏ពុំបានសំដៅទៅលើកូរ៉េខាងជើងដែរ តែវាគឺសំដៅការឯកភាពឧបទ្វីបនេះ៕ សូយន