Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន ជនសង្ស័យជាជនបរទេសចម្រុះជាតិសាសន៍ចំនួន២៦៣នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនោះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ។

ជនសង្ស័យដែលបានឃាត់ខ្លួន២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ៦នាក់, នេប៉ាល់ ៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ៣នាក់) , ម៉ាឡេស៊ី ៤នាក់ និងស្ត្រីជនជាតិឡាវ១នាក់ ។ ចំណែក វត្ថុតាងដកហូត មាន កុំព្យូទ័រលើតុ ៨៦០គ្រឿង, ទូរស័ព្ទ ៤១២៩ គ្រឿង, កុំព្យូទ័រយួរដៃ ១៦ គ្រឿង និងiPad ១៤ គ្រឿង។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំអនុវត្តនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×