ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោកអូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា បានចេញប្រកាស ស្តីពីការបង្កើតក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីសម្រេច បង្កើតក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និង លោក សឿន សារឿន នាយកប្រតិបត្តិ នៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ជាសហប្រធាន ព្រមទាំងមានអនុប្រធាន និងសមាជិក២៦រូបផ្សេងទៀត។
ក្រុមការងារចម្រុះនេះ មានភារកិច្ចក្នុងភាពជាដៃគូ អនុវត្តនូវការងារដូចខាងក្រោម ៖ ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ដែលកំពុងមានជាធរមាន។ ពិនិត្យ និងបកស្រាយឲ្យបានត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងពន្ធដារ ដែលមានភាពមិនច្បាស់លាស់ ព្រមទាំងកែសម្រួល និងបង្កើតបញ្ញត្តិមួយចំនួនតាមការចាំបាច់។ ពិនិត្យបញ្ហានានាទាក់ទងនឹងការអនុវត្តវិធាន និងនីតិវិធីសារពើពន្ធ សំដៅបង្កើតជំនឿទុកចិត្តរបស់អ្នកជាប់ពន្ធ និងធានាដល់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់។ ពិនិត្យ និងដោះស្រាយបញ្ហាអាដហុក ដែលពាក់ព័ន្ធនឹងពន្ធដារ។ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈទីប្រឹក្សាច្បាប់ គណនេយ្យ សវនកម្មឯករាជ្យ និងភ្នាក់ងារផ្តល់សេវាពន្ធដារ ៕ ដោយ ៖ កូឡាប