តាមកាសែត Jerusalem Post ចេញផ្សាយថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩នេះ ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលប្រកាសថា គេនឹងមានវិធីសាស្ត្រព្យាបាលជំងឺមហារីកនៅឆ្នាំ ២០២០ ខាងមុខនេះ ។
វិធីសាស្ត្រថ្មីនេះ កំពុងត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Accelerated Evolution Biotechnologics ក្រោមការដឹកនាំដោយនាយកប្រតិបត្តិលោកបណ្ឌិត Ilan Morad ។
លោក Dan Aridor ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនឲ្យដឹងថា ៖ “យើងខ្ញុំជឿជាក់ក្នុងឆ្នាំខាងមុខនឹងបង្ហាញអំពីវិធីសាស្ត្រព្យាបាលយ៉ាងសុក្រិតចំពោះជំងឺមហារីក” ។ លោកពោលបន្ត ៖ “វិធីសាស្ត្រព្យាបាលរបស់យើងខ្ញុំនឹងមានប្រសិទ្ធភាពតាំងពីថ្ងៃដំបូង ហើយវាអូសបន្លាយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ព្រមទាំងគ្មាន ឬមានប្រតិកម្មបន្ទាប់បន្សំតិចតួច ហើយតម្លៃព្យាបាលថោកជាងតម្លៃព្យាបាលទាំងឡាយបច្ចុប្បន្នច្រើនណាស់ ។
លោកបង្ហើបប្រាប់ថា វិធីសាស្ត្រព្យាបាលរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើហៅថា Mutato គឺជាការគួបផ្សំរវាងបណ្តា “Peptit” ផ្តោតសំដៅលើកោសិកាមហារីកគួបផ្សំនឹងឱសថពិសេសម្យ៉ាងកម្ទេចកោសិកាដ៏សាហាវនេះចោល ។
លោក Morad សង្កត់ធ្ងន់ថា ៖ វិធីសាស្ត្រព្យាបាលនឹងអនុវត្តតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ និងប្រភេទមហារីកដែលពួកគេកំពុងប្រឈម ។
ពិតជាព័ត៌មានគួរឲ្យរីករាយមែន!