Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ ០៤​នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ​ករណី​ឃាតកម្ម នៅ​ស្រុក​កណ្តាលស្ទឹង​

spot_img

​កណ្តាល ​៖ តុលាការខេត្ត​កណ្តាល បាន​ចេញ​ឃុំខ្លួន​ជនសង្ស័យ ០៤​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម នៅ​ស្រុក​កណ្តាលស្ទឹងដាក់​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​ច្បាប់​។​

​បើ​តាម​អាវុធហត្ថ​ខេត្ក​ណ្តា​លបាន​ឲ្យដឹងថា នៅវេលា​ម៉ោង​១៧និង៣០​នាទី ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ មាន​ការប្រទះឃើញ​សាកសព (​ករណី​ឃាតកម្ម វាយ​សម្លាប់​) នៅ​ចំណុច​ក្នុង​វាលស្រែ ស្ថិតក្នុង​ភូមិ​ត្រពាំង​បា​គូ ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ សព​ជនរងគ្រោះ​ឈ្មោះ ខន សាវ៉ាត់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ម្តាយ​ឈ្មោះ នួន ណាក់ អាយុ ៤៦​ឆ្នាំ ស្ថិតក្នុង​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ករណី​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៤​នាក់​ ៖

១-​ឈ្មោះ ព្រុំ វ៉ាន់ដា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង (​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១០៖៣០​នាទី ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​សំណង់​កំពុង​សាងសង់ ស្ថិតក្នុង​ភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

២-​ឈ្មោះ ព្រុំ សម្បត្តិ (​ហៅ​យួន​) ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​។​

២-​ឈ្មោះ ប៉ោង សំណាង (​ហៅ​ពៅ​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​។​

(​ទី​២ និង​ទី​៣ រស់នៅ​ភូមិ​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១៣:៣០​នាទី ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង សហការ​ជាមួយ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​ស្រុក​កំចាយ​មារ​)​។​

៤/-​ឈ្មោះ ម៉ម ហ័ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​និមិត្ត ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ស្នាក់​នៅ​ចល័ត​តាម​ការដ្ឋាន​សំណង់​កន្លែងធ្វើការ​។ ចាប់ខ្លួនបាន នៅវេលា​ម៉ោង​១៣:០០​នាទី ថ្ងៃទី​០៣ ខែ​កុម្ភ​: ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ផ្សារ “​ផ្លា​ហ្សា​” ស្ថិតក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​.១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​។​

+​វត្ថុតាង​បន្សល់​ទុក​កន្លែងកើតហេតុ​

-​មួក​០១ ពណ៌​ក្រឡា​ការ៉ូ ស​+​ខ្មៅ​

-​ខ្សែក្រវ៉ាត់​០១ ពណ៌ ស​+​ក្រហម​

-​ស្បែកជើង​ផ្ទាត់ ពណ៌​ស ០១​គូរ​

-​ក្បាល​ខ្សែក្រវ៉ាត់​ដែក ០១

​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​សារភាពថាៈ ពួកគេ​ទាំងអស់គ្នា និង​ជនរងគ្រោះ​សរុប​ចំនួន ០៥​នាក់ បាន​ផឹកស្រា​ស្រវឹង ផឹកស៊ី​ចាប់តាំងពី​ក្បាល​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ រហូតដល់​វេលា​ពាក់កណ្តាល​អធ្រាត្យ ថ្ងៃ​ដដែល ក៏​បាន​នាំគ្នា​ដើរទៅ​ច្រៀង​ខារ៉ាអូខេ នៅក្នុង​ភូមិ​កើតហេតុ (​ចំណុច​ប្រទះឃើញ​សព​) ចូល​តាម​ផ្លូវលំ ចុះ​តាម​ផ្លូវជាតិ​លេខ​៣​។ ពេល​ដើរ​ចូល​ទៅ​ដល់​ចំណុចម្តុំ​កន្លែងកើតហេតុ មិនទាន់​ដល់​ខារ៉ាអូខេ​ផង ជនសង្ស័យ និង​ជនរងគ្រោះ (០៥​នាក់​) បាន​មាន​ទំនាស់​ពាក្យសម្តី​ខឹង​នឹង​គ្នា ដោយសារ​ជនរងគ្រោះ​កុហកថា​មាន​ប្រាក់​ជួយ​ចេញ ប៉ុន្តែ​គឺ​ពុំ​មាន​ទេ ក៏​កើត​ជា​កំហឹង ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់ ក៏​បាន​ព្រួត​គ្នា​វាយ​ដោយ​ដៃ និង​ក្បាល​ខ្សែក្រវ៉ាត់ ព្រមទាំង​យក​ខ្សែក្រវ៉ាត់​រឹត​ក បន្ថែមទៀត បណ្តាលឲ្យ​ជនរងគ្រោះ​លែ​ង​កំរើក ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​០៤​នាក់ បាននាំគ្នា​អូស​ផង សែង​ផង សព​ជនរងគ្រោះ​ពី​ចំណុច​សម្លាប់​វាលស្រែ​មួយ ឆ្លង​ភ្លឺ​ទៅ​វាលស្រែ​មួយទៀត រួច​ជាន់​សព​សង្កត់​ទៅក្នុង​ភក់​ទឹក​ស្រែ ហើយ​បោច​គល់​កញ្ជ្រាំង​ស្រូវ​គ្រប​កប់​ពី​លើ​សព​ជនរងគ្រោះ​បន្ថែម រួចរាល់​ហើយ​ក៏​បាន​នាំគ្នា​ដើរ​ត្រឡប់​មក​បន្ទប់​ជួល​រៀងៗ​ខ្លួន​វិញ ដេក​អស់​ទៅ​។​

​បច្ចុប្បន្ន ជនសង្ស័យ ជំនាញ​ត្រូវបាន​មន្ត្រី​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រួច​ ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×