សៀមរាប ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥ នាទី ស្ថិតនៅក្រុមទី១០ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ហង់ សុភាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅបច្ចុប្បន្ននៅភូមិ/សង្កាត់ខាងលើ បានទុកម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1E-4052 លេខតួ និង លេខម៉ាស៊ីន៨៣០១៧៣៨ ទុកនៅក្រោមផ្ទះ ដោយមិនបាន ដកកូនសោរម៉ូតូ ចេញឡើយ ។ ពេលនោះ ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណនិងចំនួន បានឃើញ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូខាងលើនោះជិះចេញទៅបាត់ ។
បន្ទាប់ពីដឹងថា បាត់ម៉ូតូ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១២ សង្កាត់ និងកម្លាំងផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បើកការស្រាវជ្រាវស៊ើបអង្កេត រហូតនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី កំលាំងយើងបានដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូដែលលួចបាននោះ ចូលទៅក្នុងហាងអ៊ុតសក់មួយកន្លែង នៅតាមបណ្តោយផ្លូវទៅភ្នំក្រោម ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។
ដោយមានការឯកភាពពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើការនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ មកធ្វើការសាកសួរបំភ្លឺ គឺជនសង្ស័យទី១ ឈ្មោះ វិន សុជា ហៅហេង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២ ឈ្មោះ វិន ស្រីលាភ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វត្ថុតាងដកហូតបានម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ។
ក្រោយពីការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម លួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
ជនសង្ស័យទាំងពីរនាក់ខាងលើ និងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
យោងតាមហេតុការណ៍នេះ នគរបាលក្រុងសៀមរាបយើង ខ្ញុំមានកិត្តិយសសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទោចក្រយានយន្តគ្រប់ប្រភេទ សូមមេត្តាយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នរាល់ពេលចតទុកទោចក្រយានយន្តទុកចោល សូមចាក់សោរចង្កូតសុវត្ថិភាព ឬចាក់សោរជន្ទល់បន្ថែម និងសូម ដកកូនសោរទុកផង ដើម្បីសុវត្តិភាពនិងដើម្បីបង្ការកុំឲ្យជនទុច្ចរិតលួចយកទៅបានផងដែរ ៕ ដោយ ៖ កូឡាប