ខេត្តកោះកុង ៖ កម្មការិនីរោងចក្រជាជនជាតិខ្មែរឥស្លាមម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុដោយសារគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក នាថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំណុចការ៉ាស់សាំង លឹម លុង ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរ បានបង្កឡើងដោយម៉ូតូ បុកជាមួយម៉ូតូ ក្នុងទិសដៅស្របគ្នា ពេលដែលម៉ូតូរបស់ជនរងគ្រោះ បត់ចូលចាក់សាំងនៅការ៉ាស់សាំង លឹម លុង ដែលមានទីតាំងក្នុងភូមិ សង្កាត់កើតហេតុ បណ្តាលឲ្យមានមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។
នគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងដែរថា នារីរងគ្រោះស្លាប់ ឈ្មោះ យូ អាយស៊ីយះ អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មការិនីរោងចក្រ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ លី ហានហ្វះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាកម្មករនេសាទ ជាអ្នកបើកបរម៉ូតូម៉ាក DREAM C125 សេរីឆ្នាំ២០១៨ ព័ណខ្មៅ ពាក់ស្លាកលេខកោះកុង 1B.8213 រងរបួសធ្ងន់ ជនរងគ្រោះទាំង២ជាប្តី ប្រពន្ធនិងគ្នារស់នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដោយឡែកខាងជនបង្ក បានរត់គេចខ្លួនបាត់៕ ដោយ ៖ បញ្ញាស័ក្តិ