Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ៖ ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង ការធ្វើ​ពាណិជ្ជកម្ម ជី​កសិកម្ម ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម ស្របពេល​វិស័យ​កសិកម្ម កំពុង​តែមាន​សន្ទុះ​ឈានឡើង​

​ភ្នំពេញ​៖ បច្ចុប្បន្ន​ការរីកចម្រើន នៃ​វិស័យ​កសិកម្ម កំពុង​តែមាន​សន្ទុះ ឈាន​ឡើងជា​រៀងរាល់ឆ្នាំ​។ ទន្ទឹមនឹង​សេចក្តីត្រូវការ ធាតុ​ចូល​សម្រាប់​ប្រើប្រាស់ ក្នុង​វិស័យនេះ កាន់តែ​កើនឡើង ដែល​ទាមទារ ឲ្យ​មានការ​គ្រប់គ្រង ការធ្វើ​ពាណិជ្ជកម្ម​ជី​កសិកម្ម ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ផ្សេងទៀត ប្រកបដោយ​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង​តម្លាភាព ដើម្បី​ផ្តល់ជូន​ទាំង​អ្នក​ផលិត អាជីវករ និង​អ្នកប្រើប្រាស់​ទទួលបាន​នូវ​យុត្តិធម៌​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ក្រុមហ៊ុន បាយ​អូ​អ៊ែ​ក​ធី​វ ថេ​ក​ណូ​ឡូ​ជី ឯ​.​ក និង​កម្មវិធី​ណែនាំ​ស្តីពី​គំនិត​ជីវសាស្ត្រ​បរិស្ថាន​បៃតង​ដើម្បី​និរន្តរភាព​កសិកម្ម​នៅ​កម្ពុជា នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ។​

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការជួបជុំ​រវាង​វិស័យ​ឯកជន អង្គភាព​ជំនាញ​ផ្នែក​កសិកម្ម តំណាង​សហគមន៍​កសិកម្ម មកពី​បណ្តា​រាជធានី​ខេត្ត ដើម្បី​ទទួលបាន​នូវ​ធាតុ​ចូល​ថ្មីៗ​បន្ថែមទៀត​ពាក់ព័ន្ធ​ការប្រើប្រាស់​ជី​កសិកម្ម និង​ថ្នាំ​កសិកម្មសរីរាង្គ​ប្រកបដោយ​ភាតរ​បរិស្ថាន​នៅ​កម្ពុជា ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​និង​បង្កើន​នូវ​អាហារូបត្ថម្ភ ផលិតភាព គុណភាព សុវត្ថិភាព ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ជារួម​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ការធ្វើ​ទំនើបកម្ម បង្កើន​សមត្ថភាព​ក្នុងការ​កែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​លើកកម្ពស់​សង្គម​សេដ្ឋកិច្ចជាតិ​ឲ្យ​ដើរ​ទាន់​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ដែល​កម្ពុជា​បន្ត​ទទួលបាន​ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ ស្របពេល​និង​គោលនយោបាយ​ប្រែ​ប្រជាជន​កម្ពុជា​ឲ្យ​ក្លាយជា​អ្នកមាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​។ ក្នុង​បរិការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល​បានផ្តល់​គោលនយោបាយ​អនុគ្រោះ​ពន្ធចំពោះ​ការ​នាំចូល​សម្ភាៈ​កសិកម្ម និង​បង្កើត​យន្តការ​អន្តរក្រសួង​តាមដាន​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​សម្ភារ​ក​សិ​កម្ម ដើម្បី​ធានា​ឲ្យ​កសិករ​អាច​ទទួលបាន​នូវ ស្ថិរភាព​ចំណាយ​លើ​ធាតុ​ចូល និង​ការបន្ថយ​ថ្លៃដើម​ឲ្យ​នៅ​ជា​អប្បបរមា ដែល​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​កសិផល​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ផ្ទៃដី​ដំណាំ​ស្រូវ ទូទាំងប្រទេស​ប្រមាណ ៣,១១​លាន​ហិកតា ក្នុងនោះ ស្រូវវស្សា​ជាង​២,៦​លាន​ហិកតា ស្រូវប្រាំង​ជាង​០,៥១ លាន​ហិកតា និង​ផ្ទៃដី​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​បាន​កើន​ដល់​១,០៣​លាន​ហិកតា ក្នុង​ឆ្នាំ​២០១៦ (​កើន​៥% បើ​ធៀប​នឹង​ឆ្នាំមុន​)​។ ទន្ទឹមគ្នា​នឹង​កំណើន​ជា​បន្តបន្ទាប់​នៃ​ផ្ទៃដី​កសិកម្ម​តម្រូវ​ការជីក​សិ​កម្ម​និង​ថ្នាំ​កសិកម្ម​ក៏មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ដើម្បី​តម្រង់ទិស​ទៅរក​ផលិតផល​កសិកម្មសរីរាង្គ​ដែលមាន​សក្តានុពល​ទីផ្សារ​ខ្ពស់​។​

​ដោយសារ​កសិកម្មសរីរាង្គ​គឺជា​មាគ៌ា​នៃ​ការដាំដុះ​មួយ​ដែល​ជៀសវាង​ការប្រើប្រាស់​សារធាតុ​គីមីសំយោគ និង​សរីរាង្គ​កែច្នៃ​សេ​នេ​ទិ​ក (GMO) ពោលគឺ​ជាការ​អនុវត្ត​តាម​គោលការណ៍​កសិកម្ម​និរន្តរភាព និង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការរក្សា​គុណភាព​ដី​។​

​កត្តា​នេះ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​បំប្លែង​ការដាំដុះ​ឲ្យ​ទៅជា​កសិកម្មសរីរាង្គ​បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន ដែល​បង្ក​ឲ្យ​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ទ្រុឌទ្រោម​និង​បាត់បង់​តុល្យភាព​ជីវសាស្ត្រ ហេតុផល​នេះ​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អង្គពិធី​ទាំងមូល​ក៏ដូចជា​ប្រជាកសិករ​ពង្រីក​បន្ថែម និង​ប្រែក្លាយ​ផលិតផល​កសិកម្ម​ទៅជា​ផលិតផល​សរីរាង្គ​ដូចជា​ស្រូវ បន្លែ ផ្លែឈើ ត្រី​សាច់​ទៅតាម​ស្ថានភាព​និង​តម្រូវការ​ទីផ្សារ​។​

​លោក​រដ្ឋមន្ត្រី ផ្តល់នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ដើម្បី​ជា​មូលដ្ឋាន សម្រាប់​អនុវត្ត​ដូចតទៅ​៖ ទី​១ ក្រុមហ៊ុន​ត្រូវ​ព្យាយាម​ទាក់ទង​រក​ថ្នាំ ឬ​ជី​កសិកម្ម​ដែលមាន​គុណភាព សុវត្ថិភាព និង​នាំចូល​ពី​ក្រុមហ៊ុន​ផលិត​ផ្ទាល់ នៃ​ប្រទេស​ប្រភពដើម ដើម្បី​ធានា​គុណភាព​ផលិតផល និង​មានតម្លៃ​ដើម​ទាប​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ដោយ​ស្មើភាព ស្រប តាម​តម្រូវការ​ប្រើប្រាស់​របស់​កសិករ ហើយ​ក្រុមហ៊ុន​ត្រូវធ្វើ​ការផ្គត់ផ្គង់​ចែកចាយ ចំពោះតែ​ថ្នាំ ឬ​ជី​កសិកម្ម​របស់ខ្លួន​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យល់ព្រម​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​បញ្ជិកា និង​ផ្តល់​លិខិតអនុញ្ញាត​នាំចូល ឬ​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​លាយ​ផ្សំ​ឬ​វេច​ខ្ចប់​ជាថ្មី​ប៉ុណ្ណោះ​។​

​ទី​២ អាជីវករ​លក់ដុំ​លក់រាយ ឬ​ប្រតិ​ប​តិ្ត​ករ​ផ្គត់ផ្គង់​ចែកចាយ​បន្ត​ត្រូវ​ទិញ​ចូល​សម្រាប់​លក់​តែ​ថ្នាំ ឬ​ជី​កសិកម្ម​ណា​ដែលមាន​ប្រភព​ស្របច្បាប់ ដែល​ក្រសួង​បានផ្តល់​លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ឬ​ធ្វើ​ប្រតិបត្តិការ​លាយ​ផ្សំ​ឬ​វេច​ខ្ចប់​ជាថ្មី បាន​ចុះ​បញ្ជិកា​ថ្នាំ​ឬ​ជី​កសិកម្ម​រួចហើយ​និង​មាន​ស្លាក​សញ្ញា​ព័ត៌មាន​ជា​ភាសា​ខ្មែរ​នៅលើ​សំបក​វេច​ខ្ចប់​ដែលមាន​លេខ​បញ្ជិកា​របស់​ក្រសួង​សម្គាល់​ជា​ចាំបាច់​។ ទី​៣ ក្រុមហ៊ុន និង​អាជីវករ​លក់ដុំ លក់រាយ ថ្នាំ​ឬ​ជី​កសិកម្ម ត្រូវមាន​ភាពស្មោះត្រង់ និង​មាន​សីលធម៌​ដោយ​មិនត្រូវ​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ​គុណភាព​កែច្នៃ​ផលិតផល​ខុសពី​គុណ​ភាព​ដើម​ឬ​ក្លែងបន្លំ​សំបក​វេច​ខ្ចប់​និង​ត្រូវ​ជៀសវាង​ទិញ​ចូល​សម្រាប់​លក់​នូវ​ថ្នាំ​ឬ​ជី​កសិកម្ម​ទាំងឡាយណា​ដែល​នាំចូល​ខុសច្បាប់ ឬ​មាន​ប្រភព​ល្មើសច្បាប់​។ ទី​៤ ក្រុមហ៊ុន និង​ដេប៉ូ ត្រូវ​សហការ​ល្អជា​មួយអង្គ​ភាព​នីតិកម្ម​កសិកម្ម និង​មន្ទីរ​ដោយ​ត្រូវគោរព និង​អនុវត្ត​រាល់​នីតិវិធី​បទបញ្ជា​របស់​ក្រសួង និង​ដីកា​អនុវត្ត​របស់​សាលា​រាជធានី​-​ខេត្តហើយ​ត្រូវ​ចូលរួម​តាមដាន​ឬ​ផ្តល់ព័ត៌មាន​អំពី​បទល្មើស​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ថ្នាំ​ឬ​ជី​កសិកម្ម​ដើម្បី​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ចាត់វិធានការ​អនុវត្ត​ច្បាប់​ជា​ធរមាន​។ ទី​៥ ក្រុមហ៊ុន​ត្រូវ​ស្វែងរក​កិច្ចសហការ​គាំទ្រ​បច្ចេកទេស​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ មន្ទីរ ក្នុង​ការធ្វើ​ពិសោធន៍​ស្រាវជ្រាវ ធ្វើស្រែ​បង្ហាញ និង​បណ្តុះបណ្តាល​បំពាក់បំប៉ន​ជំនាញ​បច្ចេកទេស​បន្ថែម​ដល់​បុគ្គលិក​ជំនាញ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំ​ឬ​ជី​កសិកម្ម ដើម្បី​ក្លាយជា​ជន​បង្គោល​ក្នុងការ​ផ្សព្វផ្សាយ​បន្ត​នូវ​បង្គុំ​បទដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ​ដល់​ប្រជាកសិករ ធានា​ធាតុ​ចូល​ជី​ឬ​ថ្នាំ​កសិកម្ម​នេះ​ត្រូវបាន​ប្រើប្រាស់​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ និង​ត្រូវមាន​អ្នកជំនាញ​បច្ចេកទេស​ប្រើប្រាស់​ដើម្បី​ជួយ​បណ្តុះបណ្តាល​ដោយផ្ទាល់​ដល់​តំណាង​ចែកចាយ និង​ដល់​ប្រជាកសិករ ឱ្យ​យល់ដឹង​អំពី​ការធ្វើ​សន្និធិ​ក្នុង​ឃ្លាំង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស អំពី​របៀប​ដាំ​ដុះ អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ និង​ការថែទាំ​ដំណាំ​នៅពេល​មាន​សត្វល្អិត​ឬ​ជំងឺ​មក​បំផ្លាញ ជាពិសេស​ណែនាំ​អំពី​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ត្រូវ​ធានាថា​អ្វីៗ​ដែល​យើង​ប្រើប្រាស់​គឺ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​៕ ដោយ​៖​កូ​ឡាប​

×