តាកែវ៖ ជនរងគ្រោះដែលជាស្ត្រីកូនខ្ចីត្រូវគេនាំគ្នាចូលមកវាយដល់ក្នុងផ្ទះ បណ្តាលអោយរងរបួសត្រង់ក្បាល កំពុងតែរស់នៅទាំងភាពភ័យខ្លាច ខណៈដែលរយៈពេល ៤ថ្ងៃមកនេះ ជនល្មើសដែលនាំគ្នាចូលមកវាយគេនៅក្នុងផ្ទះនោះ គឺនៅអង្គុយផឹកស៊ីសប្បាយជាធម្មតា ដោយមិនមានការខ្វាល់ខ្វាយពីបញ្ហាអ្វីឡើយ ខណៈដែលជនរងគ្រោះ ពីនាក់ប្តីប្រពន្ធបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលរកាក្នុង ក្រុងដូនកែវ តាំងពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ តែមកទល់ពេលនេះ ប៉ូលីសប៉ុស្តិនៅមិនទាន់មានចំណាត់ការ ធ្វើការឃាត់ខ្លួនជនល្មើសដែលចូលមកវាយគេដោយចេតនា នៅក្នុងផ្ទះ ក្នុងពេលដែលស្ត្រីរងគ្រោះកំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខផ្ទះ ។
ស្ត្រីរងគ្រោះឈ្មោះ ទាល់ តុលា រួមជាមួយប្តី បាននិយាយទាំងទឹកភ្នែកប្រាប់ក្រុមអ្នកសារព័តមានថា ធ្វើម្តេចយើងជាអ្នកក្របង គេចង់ធ្វើបាប ឬមើលងាយ ស្រេចតែចិត្តអ្នកមានអំណាចនិងមានលុយ ។ ស្ត្រីរងគ្រោះខាងលើបាននិយាយទៀតថា រូបគាត់ជាមួយនិងប្តី និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៏ដែលស្ត្រីជាជនសង្ស័យមានគ្នា ២នាក់ ចូលមកវាយរូបគាត់ដល់ក្នុងផ្ទះនោះ មកទល់ពេលនេះ គឺគេនៅតែផឹកស៊ីជប់លាង យ៉ាងសប្បាយនៅឡើយ មិនមានការឃាត់ខ្លួនអ្វីឡើយ ហើយសកម្មភាពបែបនេះ ពិតជាធ្វើអោយពួកគាត់ពីរនាក់ប្តីប្រពន្ធរស់នៅទាំងភាពភ័យខ្លាច និងអស់ជំនឿទុកចិត្តលើប៉ូលីសតទៅទៀតហើយ ។
គួរបញ្ជាក់ផងដែរថា កន្លងមកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកតែងតែធ្វើការប្រជុំជាមួយនិងមន្ត្រីនៅក្រោមឱវាទ ជំរុះអោយមន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុក្ខដាក់លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្តិភាពភូមិឃុំ ដើម្បីអោយប្រជាពលរដ្ឋ កាន់តែមានជំនឿទុកចិត្តលើសមត្ថកិច្ចកាន់តែខ្លាំង ផ្ទុយទៅវិញបែបជាប៉ូលីសប៉ុស្តិរដ្ឋបាលរកាក្នុង បែរជាធ្វើអោយពលរដ្ឋអស់ជំនឿទុកចិត្តលើសមត្ថកិច្ចទៅវិញ ខណៈដែលមានករណីហឹង្សាដោយចេតនា ចូលមកវៃមនុស្សដល់ក្នុងផ្ទះ ហើយ មិនមានការឃាត់ខ្លួន រកដំណោះស្រាយ បែរជាសរសេរបាយការណ៏បន្ធូរ បន្ធូរទោស និងគ្មានដាក់ជាស្ថានទំនង់ទោស ដើម្បីរកយុត្តិធម៏អោយពលរដ្ឋស្លូតត្រង់ឡើយ ។ ជុំវិញករណីខាងលើនេះ ប្តីប្រពន្ធដែលជាជនរងគ្រោះគោរពស្នើសុំអោយឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង មេត្តាជួយរកអយុតិ្តធម័ និងផ្តល់នៅសេចក្តីទុកចិត្តមកអោយពួកគាត់វិញផង ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅចំនុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ មានករណីអំពើហឹង្សាដោយចេតនាមួយបានកើតឡើង ដោយមានមនសុ្សចំនួន ៣នាក់ ក្នុងនោះមានប្រុសម្នាក់ជាអ្នកបើកបរម៉ូតូដឹកស្ត្រីពីរនាក់ ចូលមកវាយស្ត្រីរងគ្រោះដល់ក្នុងផ្ទះ មានឈ្មោះ ទាត់ តុលា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សព្វថ្ងៃមកជួលផ្ទះគេលក់ដូរជាមួយនិងប្តីនៅភូមិស្នោ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ បណ្តាលអោយត្រូវរបួសរលាត់ក្បាលផ្នែកខាងស្តាំហូរឈាម និងនៅលើដើមទ្រូង ។ ស្ត្រីរងគ្រោះបាននិយាយថា ជនសង្ស័យដែលចូលមកវាយរូបនាងនោះ មានឈ្មោះ គ្រុយ អូន ភេទស្រី និងឈ្មោះ ឡៃ ភេទស្រី បាននាំគ្នាជិះម៉ូតូមកព្រួតវាយដោយពុំដឹងមូលហេតុខណៈដែលគាត់កំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខតូបលក់ដូររបស់ខ្លួន។ ហើយសកម្មភាពដែលស្ត្រី២នាក់វាយនោះគឺ យកស្បែកជើងកែងចោទវាយលើក្បាលជាច្រើនស្បែកជើង និងទាត់ធាក់ផងដែរ។ ក្រោយកើតហេតុរូបគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលរកាក្នុង ទៅលើស្ត្រីទាំង២នាក់នេះហើយពីបទបង្កហិង្សាដោយចេតនានិងសូមឲ្យសមត្ថកិច្ចមេត្តាចាត់ការពួគគាត់តាមនីតិវិធីផងចុះ៕ តាកែវ