ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងព័ត៌មានបឋមថា មុននេះបន្តិច មានគ្រោះថ្នាក់ចរាចរណ៍ រវាងរទេះភ្លើងបានបុកជាមួយរថយន្តបែនដឹកដី នៅត្រង់ចំណុចឃុំទឹកថ្លា ស្រុកព្រៃនប់ កន្លែងថ្នល់រថភ្លើងឆ្លងកាត់ផ្លូវជាតិលេខ៣ កាលពីម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
អធិការនគរបាលស្រុកព្រៃនប់ លោក ហ៊ួ យ៉ៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីលើផ្លូវដែក។ ហើយថា ហេតុការណ៍នេះ គឺទាំងរថយន្ត និងរថភ្លើងរងការខូចខាតដូចៗគ្នា។
លោក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញកំពុងដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ៖ ដែន សីមា