ច្រើនឆ្នាំហើយដែលរឿងថា តើលុយតិចអៀរបស់ក្មេងៗគួរតែឪពុកម្តាយរក្សាទុកឲ្យឬក៏វាទុកដោយខ្លួនវា!? ។ ឥឡូវផ្ទុះរឿងដែលគេបានព្រមានទុក ។
តាមនោះយុវនារីនិស្សិតមហាវិទ្យាល័យម្នាក់នៅខេត្តយូណាន ប្រទេសចិន បានប្តឹងឪពុកម្តាយរបស់ខ្លួនពីរឿង “កិបកេង” លុយតិចអៀឆ្នាំថ្មីរបស់នាងអស់កាលយូរឆ្នាំហើយ ។ សរុបទៅលុយនេះ មានចំនួន ៥៨.០០០យាន់ (ប្រមាណ ១០.០០០ដុល្លារ) ។
លទ្ធផលតុលាការសម្រេចឲ្យឪពុកម្តាយក្មេងស្រីនេះ សងកូន ១៥០០យាន់ ជារៀងរាល់ខែរហូតដល់…គ្រប់ចំនួន ។
ករណីមួយមានខ្លឹមសារដូចគ្នាដែរ កើតរឿងនៅទីក្រុងជីណាន ខេត្តសានតុង ដែលបុរសជាប្តីបានប្តឹងប្រពន្ធខ្លួនថាបានលបលាក់លុយតិចអៀររបស់កូន៣នាក់ អស់កាលច្រើនឆ្នាំហើយ ។ ទឹកលុយសរុបក្នុងបណ្តឹងគឺ ៥៦០.០០០យាន់ (ប្រមាណជាង ២ម៉ឺនដុល្លារ) ។ គេពុំទាន់ដឹងពីលទ្ធផលនៃការក្តីក្តាំនេះទេ ។
យ៉ាងណាគេគ្រាន់តែដឹងថា ក្រោយការប្តឹងប្តល់បែបនេះ តើមនោសញ្ចេតនា កូន-ម្តាយឪពុក , ប្តី-ប្រពន្ធក្លាយជាយ៉ាងណានៅបើរឿងលុយបានគ្របដណ្តប់លើ…មនោសញ្ចេតនានោះ ! ៕ ចន្ទ្រា