ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចំការអំពៅស្ករចំនួន៨៣ហិកតាត្រូវបានអណ្តាតភ្លើងត្របាក់ឆេះម៉ត់ស្ទើរសល់តែផេះរបស់ក្រុមហ៊ុនចំនួន២ស្ថិតនៅក្នុង ឃុំ គគីរសោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។ករណីភ្លើងឆេះចំការអំពៅនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
លោក កុយ សារ៉េន ម្ចាស់ចំការអំពៅបានក្រុមអ្នកសារព័ត៍មានឲ្យដឹងថា៖មុនពេលមានភ្លើងឆេះគេឃើញមានកម្មករកំពុងកាប់អំពៅនិងមានម៉ាសុីនច្រូតក៏កំពុងតែច្រូតផងដែរស្រាប់តែមានជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយស្លឹកអំពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំងណាស់។
លោកបានបន្តទៀតថា ៖ ខណៈដែលភ្លើងកំពុងឆេះនោះក្រុមកម្មករនាំគ្នារត់មកការដ្ឋានដើម្បីមកយកអាត្រាក់ភ្ជួរកាត់ចំការអំពៅនិងបាញ់ទឹកប៉ុន្តែមិនអាចធ្វើឱ្យភ្លើងរលត់នោះទេ ដោយសារមានខ្យល់បក់ហើរស្លឹកអំពៅដែលឆេះមកកាន់មុខអាត្រាក់និងការដែលឆេះលឿនពេកកម្មករស្ទើរត់ពុំរួចផងបណ្តាលឲ្យឆេះអស់ចំនួន 57 ហិចតានិងរបស់ក្រុមហ៊ុន សុផាត សំណាង អស់ចំនួន 26 ហិចតាផងដែរ ។
លោកបានបញ្ជាក់ទៀតថា៖ភ្លើងរលត់ទៅវិញនៅម៉ោង ២ៈ២០ នាទីរសៀលហើយមូលហេតុបណ្តាឲ្យឆេះនេះមិនដឹងច្បាស់ថាជាករណីឆេះដោយសារធម្មជាតិ ឬ មានអ្នកលួចដុត ជក់បារីបោះកន្ទុយបារីនោះទេ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
លោក កុយ សារ៉េន ធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានលំនៅដ្ឋានជិតៗចំការអំពៅមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គីភ័យដែលបណ្តាលអោយក្រុមហ៊ុនមានការខាតបង់ក៏ដូចបងប្អូនខាតបង់ផងដែរព្រោះដាំដុះបើឆេះអំពៅអស់ក្រុមហ៊ុគ្មានការងារឲ្យបងប្អូនកម្មករមានធ្វើនោះដែរយើងចេះថែរក្សារទាំងអស់គ្នា ៕ ដោយ ៖ វ៉ៃកូ