ស្ទឹងត្រែង ៖ នគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈ្មួញលួចកែច្នៃឈើ ធ្វើទ្វារបង្អួចខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកសេសាន ជាយូរមកហើយ បានដឹកតាមរថយន្តសាំយ៉ុង ចេញទៅទីផ្សារគោលដៅរៀងរាល់យប់។
ករណីនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងស្តុកឈើ កែច្នៃទ្វារ បង្អួច ខុសច្បាប់ជាច្រើនកន្លែង នៅក្នុងភូមិស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកវីរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ ឈ្មួញលួចកែច្នៃឈើធ្វើទ្វារបង្អួច ខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកសេសាន ជាយូរមកហើយ ហើយបានដឹកតាមរថយន្តសាំយ៉ុង ចេញទៅទីផ្សារគោលដៅរៀងរាល់យប់។
លោកវរសេនីយ៍ឯក បានបន្តថា ទីតាំងបង្ក្រាបនេះ នៅខែមីនា ឆ្នាំ២០១៨ កន្លងមក សមត្ថកិច្ចធ្លាប់បានបង្ក្រាបម្តង រួចមកហើយ តែទីតាំងនេះ ហាក់បីដូចមិនរាងចាល បានផ្លាស់ទីតាំងចាស់ មកបង្កើតទីតាំងថ្មី នៅក្នុងព្រៃ និងបានកាប់ឈើដឹកជញ្ជូន តាមគោយន្តរាប់សិបម៉ែត្រគុប ដើម្បីកែច្នៃធ្វើទ្វារបង្អួច។
លោកបន្តថា ឈើដែលបង្ក្រាបនេះ ជាប្រភេទឈើសុក្រំប្រភេទឈើលេខ១ អារច្រៀកកែច្នៃ ទៅជាទ្វារបង្អួច ដឹកទៅកាន់ទីផ្សារ នៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបង្ក្រាបឈើ ដែលមានទំហំច្រើនសន្ធឹកសន្ធាប់ អាចប៉ាន់ស្មានថា មានប្រមាណជា ២០ ទៅ ៣០ម៉ែត្រគុបនោះ សមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យ និងរកមធ្យោបាយដឹកជញ្ជូន ទៅកាន់រដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចបង្ក្រាបបានតែឈើ ចំណែកម្ចាស់ឈើមិនដឹងជាម់េចនោះទេ ឬក៏មានសិល្ប៍វិធីចេះបំបាំងកាយឬយ៉ាងណា រត់គេបាត់ មុនពេលសមត្ថកិច្ចទៅដល់រហូត៕ ដោយ ៖ កូឡាប