Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន​ស្ម័គ្រចិត្ដ បង្កើត​កម្មវិធី​និយាយ​ជា​សាធារណៈ ដើម្បី​ពង្រឹង​សមត្ថភាព នៃ​ការនិយាយ ដល់​ប្រជាជន និង​យុវជន​ឱ្យ​ក្លាហាន​

ភ្នំពេញ​៖ ក្រុមយុវជន ស្ម័គ្រចិត្ដ មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​ជា​ច្រើន បានរួម​គ្នា​បង្កើត​កម្ម​វិធី និយាយ​ជា​សាធារណៈ (Ignite Talks )​ដើម្បី​ផ្តល់​ចំណេះដឹង បទពិសោធន៍ និង​ពង្រឹង​សមត្ថភាព​បន្ថែម ដល់​យុវជន ក៏ដូចជា​ប្រជាជន​កម្ពុជា ឱ្យ​ក្លាហាន ហ៊ាន​បង្ហាញ​ពី​សមត្ថភាព ដែល​ខ្លួន​មាន និង បាន​សិក្សា​ស្រាវជ្រាវ ជា​ប្រយោជន៍​ដល់​សង្គមជាតិ ក៏ដូចជា​បណ្តុះ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ជួយ​ដល់​មនុស្ស​អ្នកដទៃ​។​

​កម្មវិធី​និយាយ​ជា​សាធារណៈ ដែល​បាន​ធ្វើ​សន្និសីទ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែ​ធ្នូ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន លោក ជា សុខ​ហ៊ី (​ហៅ Bill)​ឱ្យដឹងថា (Ignite Talks) គឺ​ជា​កម្មវិធី​និយាយ​ជា​សាធារណៈ​មួយ ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ 2006 នៅ​ទីក្រុង​ស៊ា​ថ​ល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​លោក Brady Forrest និង លោក Bre Pettis​។ ហើយ​នា​ឆ្នាំ 2016 កម្មវិធី​នេះ​ត្រូវបាន​នាំ​មកកាន់​ប្រទេស​កម្ពុជា ដែល​មានឈ្មោះ​ថា Ignite Phnom Penh ដែល​បាន​ប្រារព្ធ​ធ្វើ​បាន​២​លើក ហើយ​វាគ្មិន​ដែល​មាន​ចំណេះដឹង​ខ្ពស់ មានបទពិសោធន៍​សិក្សា​ស្រាវជ្រាវ​ពី​ជីវិត​ពិត​ក្នុង​សង្គម និង​ភាពជោគជ័យ​របស់​ធុរជន​ល្បីៗ​នៅលើ​ពិភពលោក ប្រមាណ​៣១​នាក់ និង​មាន​អ្នកចូលរួម​ជាង 1500 នាក់​មកពី​គ្រប់​ស្ថាប័ន​នានា​នៅ​កម្ពុជា​។​

​លោក​បន្តថា ឆ្នាំនេះ Ignite Phnom Penh នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​14 ខែ​មករា ឆ្នាំ 2018 ខាងមុខនេះ នៅ​សាល​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា កូរ៉េ (CKCC) ចាប់ពី​ម៉ោង​1 ដល់ 5 រសៀល​។​

Ignite Phnom Penh ត្រូវបាន​រៀបចំឡើង​ដោយ យុវជន​ស្ម័គ្រចិត្ដ​មួយក្រុម​ដែល​មាន​សមាជិក​ក្រុម​ចំនួន​៨​នាក់​ដែល​ក្នុងនោះ​មាន លោក ជា សុខ​ហ៊ី (Bill) ជា​អ្នកដឹកនាំ​ក្រុម​។ ក្នុង​គោលបំណង​ចង់​ពង្រឹង​សមត្ថភាព នៃ​ការនិយាយ​ជា​សាធារណៈ ដល់​ប្រជាជន​គ្រប់រូប និង​ផ្តល់​ឱកាស​អោយ​សិស្សានុសិស្ស យុវជន និង​កូន​ខ្មែរ​ទាំងអស់ អាច​ឡើង​និយាយ​ពី​គំនិត​របស់​ខ្លួន ដែល​ចង់​ចែករំលែក ទៅ​សាធារណជន​ទាំងឡាយ​។ ប្រធានបទ​ក្នុងឆ្នាំនេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ ការលើក​ទឺកចិត្ដ ការចែករំលែក អំពី​ភាព​ជោគជ័យ​ក្ដី​ស្រមៃ និង​គោលដៅ​របស់​ខ្លួន​។​

​លោក​បន្តថា ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ វាគ្មិន​នីមួយៗ ត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ​5​នាទី និង​ស្លាយ​ចំនួន​20​។ ចំនុច​នេះ​គឺ​តម្រូវ​អោយ​វាគ្មិន​នី​មួយៗ​មាន​ការត្រៀម​រៀបចំខ្លួន​យ៉ាង​ល្អ និង​មាន​កំរិត​ពិបាក​ខ្ពស់​។ វាចា​ខ្លី តែ​ខ្លឹម បើកទ្វារ​ស្វា​គម​ន៏​សាធារណៈជន​មក​ចូលរួម​ទទួលយក​បទពិសោធ​ន៏​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ ពី​គ្រប់​មជ្ឍដ្ឋាន និង​គ្រប់​វ័យ​។​

​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន 15 រូប​មកពី​គ្រប់​ស្ថាប័ន ដោយ​មាន​វាគ្មិន​មួយចំនួន​ជា​អ្នក​ដែល​មាន​បទពិសោធន៍​នៅក្នុង​សង្គម​ជាច្រើន​ឆ្នាំ និង​វាគ្មិន​មួយចំនួន​ទៀត​គឺជា​សិស្សានុសិស្ស​ដែល​មកពី​សាកលវិទ្យាល័យ និង​វិទ្យាល័យ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ចែករំលែក​នូវ​បទពិសោធ និង​ចំណេះដឹង​របស់​ខ្លួន​ក្នុង​កម្មវិធី​នេះ​។ Ignite Phnom Penh វាចា​ខ្លី​តែ​ខ្លឹម ស្វាគមន៍​សាធារណៈជន​ទាំងឡាយ​មក​ចូលរួម​ទទួលយក​បទពិសោធន៍​ថ្មី​នេះ​៕ ដោយ​៖​កូឡាប​

 

×