កណ្តាល ៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា មានករណីហិង្សាដោយចេតនា ក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់ បែរជាប្តី ចាក់ប្រពន្ធ ១ទុណឺវីសបណ្តាលឲ្យរបួសធ្ងន់ កើតហេតុនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩វេលាម៉ោង ២១ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៣៦ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មការិនីរោងចក្រ មានរបួសបំពង់ក បច្ចុប្បន្នបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះ ខេត្ដកណ្ដាល។ ជនសង្ស័យ ជាប្តី ឈ្មោះជួង ជឹម ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ភូមិតានូឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល មុខរបរ លាងម៉ូតូ គេចខ្លួនបាត់។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង២១ ឈ្មោះ ជួង ជឹម បានមកដល់ផ្ទះឪពុកក្មេក ឈ្មោះសុខ ព្រិច មកតាមរកប្រពន្ធឈ្មោះសុខ ផល្លា ឲ្យទៅផ្ទះរួមរស់ជាមួយគ្នាវិញ ប៉ុន្តែប្រពន្ធឆ្លើយថា អស់និស្ស័យហើយ មិនទៅវិញទេ បន្ទាប់មកឈ្មោះជួង ជឹម ក៏បិទភ្លើងអគ្គិសនី រួចចាប់អូសដៃឈ្មោះ សុខ ផល្លា ទៅក្នុងរោងបាយក្បែរពាងទឹក រួចចាក់ប្រពន្ធចំបំពង់ក ដោយទុណឺវីស ស្របពេលនោះ បានឮសូរសំឡេងកូនស្រែក ឈ្មោះសុខ ព្រិច ក៏រត់ទៅជួយឃាត់ទាញចេញពីគ្នា ទើបឈ្មោះជួង ជឹម ប្រលែងប្រពន្ធ រួចរត់គេចខ្លួនតែម្តង។ ចំណែកជនរងគ្រោះត្រូវម្តាយ និងបងប្អូន បញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យជ័យជំនះខេត្ដកណ្ដាល។
សូមបញ្ជាក់ថា: កន្លងមកឈ្មោះជួង ជឹម និងឈ្មោះសុខ ផល្លា ជាប្រពន្ធ ធ្លាប់មានទំនាស់ លែងលះគ្នាចំនួន ៤ដងមកហើយ មានកិច្ចសន្យាត្រឹមសាលាឃុំ។ បច្ចុប្បន្នផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ កំពុងប្រមូលផ្ដុំសំណុំរឿងតាមនីតិវីធី៕ ដោយ ៖ កូឡាប