ខេត្តស្វាយរៀង ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នាព្រឹកសៅរ៍១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ឃុំ នៅស្រុករមាសហែក ខេត្តស្វាយរៀងដែលចំណាយថវិការអស់ប្រមាណ ១២០.០០០ដុល្លារ។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ព្រមទាំងលោកអភិបាលរងខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារ សរុបប្រមាណ ជិត១០០០នាក់។
មានប្រសាសន៍នៅក្នុងពិធីនេះនាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទៅនេះផងដែរ។ នាយឧត្តមសេនីយ៍បានលើកទ្បើងទៀតថា ដើម្បីងាយស្រួល ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អតាំងនាមរូបលោកជាប្រធានក្រុមការងារចុះជួយស្រុកបានគៀងគរជាក្រុមការងារក្នុងការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យមានកន្លែងសមរម្យក្នុងការធ្វើការងារផងដែរ។
ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់កម្លាំងទាំងអស់ត្រូវបន្តខិតខំធ្វើការងាររបស់ខ្លួនប្រកបដោយទទួលខុសត្រូវ និងត្រូវពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចជាចោរលួច ចោរប្លន់ បងតូចបងធំ ការជួញដូរមនុស្សខុសច្បាប់ គ្រឿងញៀនឱ្យអស់ពីមូលដ្ឋានធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅដោយសុខដុមរមនា។
សូមជម្រាបជូនថា នៅទូទាំងស្រុករមាសហែក មានប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៦ ស្មើរនឹង១៦ឃុំ មានប៉ុស្តិ៍រដ្ឋបាលសាងសង់ ធ្វើអំពីថ្មរទាំងអស់ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក៕ ដោយ ៖ វ៉ៃកូ