តាកែវ ៖ ម្ចាស់សំណង់ឈ្មោះ ម៉េង សុខុម ដែលសាងសង់សំណង់រឹងលើអូរបង្ហូរទឹកសាធារណៈនៅក្នុងស្រុកគីរីវង់ បានបញ្ចេញនៅឯកសារជាច្រើនថា រូបគាត់មានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ និងការសម្រេចអោយឈ្នះក្តីពីតុលាការកំពូល និងសិទ្ធិអនុញ្ញាតអោយសាងសង់ដោយ លោក សុក សិត អតីតប្រធានមន្ទីរសុរិយោដី និងនគរូបណីយកម្មខេត្តតាកែវ កាលពីមុន
ម្ចាស់សំណង់រូបនេះដែរមានឈ្មោះថា ម៉េង សុខុម បានបង្ហាញនូវឯកសាររបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់គាត់ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ បានធ្វើការតវ៉ា និងផ្តិតមេដៃជំទាស់លើការសាងសង់សំណង់រឹងលើអូរប្រវត្តិសាស្ត្រនេះ ចំនួន ១១៧គ្រួសារ និងស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដល់ពួកគាត់ ព្រោះខ្លាចសំណង់ខាងលើសាងសង់រួច ធ្វើអោយមានការកកស្ទះ បណ្តាលអោយមានការលិចលង់ផ្ទះសម្បែងរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ២០១៩ ។ ពាក់ព័ន្ធជាមួយនឹងករណីដ៏ចម្រូងចម្រាស់នេះដែរ មានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមួយរូបសូមមិនបញ្ចេញឈ្មោះ បាននិយាយថា ថ្វីត្បិតតែម្ចាស់សំណង់មានឯកសារគ្រប់គ្រាន់ លើការគ្រប់គ្រងលើក្បាលដីរបស់ខ្លួន និងមានសិទ្ធិសាងសង់យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋជាច្រើនបានធ្វើការជំទាស់ ហើយក៏បានដឹងថា ទីតាំងសំណង់រឹងដែលកំពុងសាងសង់នោះ គឺជាដីអូរសារធារណៈ មិនមែនជារបស់បុគ្គលណាម្នាក់នោះឡើយ ហើយអូរនេះគឺមានតាំងពីយូរយារណាស់មកហើយ និងជាផ្លូវទឹកដ៏សំខាន់មួយ សម្រាប់ការរំដោះ ឬបញ្ចៀសទឹកចេញកុំអោយមានការលិចលង់ដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកបន្តថា ក្នុងករណីនេះគួរតែមានការសើរើឡើងវិញ លើសំណុំឯកសារដែលមានការសង្ស័យថា មិនប្រកតី ។
ចំណែកលោក មិញ សុភាព នាយកសាលាបឋមសិក្សា សុខ អាន ទន្លាប់ បានប្រកាសគោលជំហរយ៉ាងរឹងមាំថា រូបលោករួមជាមួយនិងប្រជាពលរដ្ឋ ១ភូមិ ក្នុងភូមិកំពង់ នៅតែជំទាស់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជារាស្ត្រ ព្រោះថាអូររំដោះទឹកនេះគឺ ជាផ្លូវទឹកមួយដែលអាចបញ្ចៀស ទឹកចេញមិនអោយជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកបានបន្តថា ក្រោយមានការតវ៉ាជំទាស់មិនអោយមានការសាងសង់សំណង់រឹងកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះដែរ រូបលោករួមជាមួយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងនេះទៅតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តមសុខ សុកាន ផងដែរ ។ ហើយមកទល់ពេលនេះ លោក មិញ សុភាព បានបញ្ជាក់ថា ម្ចាស់សំណង់នៅតែបន្តសាងសង់ និងដាក់ជាងធ្វើកាន់តែច្រើនជាងមុនទៀត ដោយនៅមិនទាន់មានអាជ្ញាធរណាមកចុះពិនិត្យឡើយ ។ មានអ៊ំស្រីម្នាក់និយាយថា សម័យនេះជាសម័យដីឡើងថ្លៃ សូម្បីតែអូរដែលមានជាយូរយារណស់មកហើយ ក៏នៅមានអ្នកមានអំណាច និងមានលុយចង់បានធ្វើជាម្ចាស់កម្មសិទ្ធិដែរ ៕ ដោយ ៖ តាកែវ