ព្រះសីហនុ៖ រថយន្តដឹកស៊ីម៉ងត៍បើកបុករះរថយន្ត ៤ គ្រឿង នៅផ្លូវបំបែកស្រែអំបិល បណ្តាលឲ្យស្លាប់ ១នាក់ និងរងរបួសធ្ងន់ ១នាក់ នៅវេលាម៉ោង១០និង១០នាទីព្រឹក នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ១៤១-១៤២ ចំនុចផ្លូវបំបែកស្រែអំបិល ស្ថិតក្នុងភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរកើតឡើងមួយលើក បង្ករដោយរថយន្តហុីយ៉ាន់ដាយ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នុំពេញ ៣A ១៣៦៩ ដឹកសុីម៉ង់ត៍ (ឯកជន) បើកបរដោយឈ្មោះ សាទ ម៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នុំដី ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ក្នុងទិសដៅចេញពីស្រុកស្រែអំបិល ខេត្តកោះកុង លុះមកដល់ចំនុចខាងលើផ្លូវចុះចំណោត ក៏បានជ្រុលមកបុករ៉ះរថយន្តចំនួន ៤ គ្រឿង ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ក្នុងនោះមាន ៖
១/រថយន្ត CRV ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២M ២៨២១
២/រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ២W០៦៦០
៣/រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ២J ១២៦៧
៤,រថយន្តម៉ាក alto ពណ៍សរ ពាក់ស្លាកលេខភ្នំពេញ២ F ០៨៨៥
ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០១នាក់ ឈ្មោះ សុទ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាម្ចាស់រថយន្ត CRV ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ ០១ នាក់ ឈ្មោះ សាទ ម៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបើកបររថយន្តបង្ករ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីពេទ្យ ចំណែកសាកសពរងគ្រោះ កំពុងរងចាំសាច់ញ្ញាត្តិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងកំពុងរៀបចំស្ទូចយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ។
គួរបញ្ជាក់ផងដែរថា ករណីនេះកើតឡើងក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ៕ ដោយ ៖ បញ្ញាស័ក្តិ