រតនគិរី ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃការបង្កើតខេត្តរតនគិរី១៧ កុម្ភៈ ១៩៥៩ – ១៧ កុម្ភៈ ២០១៩ ពិធីនេះប្រារព្ធធ្វើឡើងនៅរង្វង់មូលទីប្រជុំជនក្រុងបានលុង ដោយមានការអញ្ជើញចូលរួមឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តីលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោក មួង ប៉យ សមាជិកព្រឹទ្ធសភា លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមយុវជនយុវជន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ លោកថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងថា រយៈពេល៦០ឆ្នាំ ដែលខេត្តរតនគិរី បានបង្កើតដោយបានកាត់ចេញពីខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ទើបតែរយៈពេលប៉ុន្មានជាង៣០ឆ្នាំចុងក្រោយនេះ កម្ពុជាទាំងមូលបានស្គាល់នូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិតប្រាកដ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
លោកអភិបាលខេត្ត បានលើកឡើងថា “ក្នុងនាមយើងខ្ញុំអ្នកបន្តវេន ប្តេជ្ញារួមគ្នាថែរក្សានូវសមិទ្ធផល និងសន្តិភាពនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងអនាគតបន្តទៀត។ អតីតប្រធានខេត្តរតនគិរី លោកតា អ៊ុង ញ៉ច បានគ្រប់គ្រងដឹកនាំខេត្តក្នុងសម័យសង្គមរាស្ត្រនិយមចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ ក្រោយមកកម្ពុជាត្រូវធ្លាក់ក្នុងរបប លន់ នល់ និង ពល ពត ដែលនាំឲ្យពលរដ្ឋរងទុក្ខវេទនា និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការកាប់សម្លាប់រង្គាល”។
ក្នុងឱកាសនេះ ក៏បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តប្រោះព្រហ្ម និងរាប់បាត្រព្រះសង្ឃចំនួន៦១អង្គ ព្រមទាំងមានការដាក់ តាំងពិព័រណ៍ផលិតផលកសិកម្ម បង្ហាញពីការរីកលូតលាស់ តាមស្តង់ស្រុកនីមួយៗ នៅក្នុងបរិវេណមន្ទីរវប្បធម៌។
គួបញ្ជាក់ផងដែរថា ៖ បើគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល៦០ឆ្នាំហើយ នៃថ្ងៃបង្កើតខេត្តរតនគិរី ដោយបានកាត់ចេញពីខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ១៩៥៩។ អ្វីដែលយើងទាំងអស់គ្នាមានមោទនភាពនោះ គឺក្រោយ នៃការដាក់ចេញ នូវនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និយាយរួមដោយឡែក ខេត្តរតនគិរី ក៏ទទួលបានសមិទ្ធផលថ្មីៗ ដូចខេត្តដ៏ទៃទៀត ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ