ខេត្តកណ្ដាល ៖ សមត្ថកិច្ចជំនាញខេត្ត សហការជាអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងប៉ុស្តិ៍រដ្ឋបាលដោយ មានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បាន បើកកិច្ចប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យនិងឆែកឆេរ ចាប់យកវត្ថុតាង និងឃាត់ខ្លួន មុខសញ្ញា ប្រព្រឹត្ត អំពើ លួចឆក់ ប្លន់ និង លក់ដូរចែកចាយ ប្រើប្រាស់សារធាតុគ្រឿងញៀនដោយ ផ្ដើមចេញពី អំពើហិង្សា វាយជនរងគ្រោះ ដែលជនសង្ស័យឈ្មោះ សួន រីណា បានប្រព្រឹត្ដអំពើហិង្សា ជួញដូរគ្រឿងញៀននិងប្រព្រឹត្តអំពើលួចឆក់ប្លន់ កើតហេតុថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្រុមជនសង្ស័យជាមុខសញ្ញាលួចឆក់ប្លន់ និងជួញដូរគ្រឿងញៀនសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយ ធ្វើការបង្ក្រាបឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ សួន រីណា ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា សង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ.ឈ្មោះ សួន រីណា ហៅធ្មេញ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) ទី-ឈ្មោះ នុន ផានិត ភេទប្រុស អាយុ២៦ឆ្នាំ (ឃាត់ខ្លួន) ទី៣-ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ (ឃាត់ខ្លួន) ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ក្នុងប្រតិបត្ដិការបង្ក្រាបខាងលើនេះផងដែរ នគរបាលបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន៨កញ្ចប់ ដាវ៤ដើម កាំបិតសាំងគីម១ដើម កាំភ្លើងកែឆ្នៃ៣ដើម ស្លាកលេខម៉ូតូចំនួន៣ ម៉ូតូ៤គ្រឿង ម៉ាកឃ្លិក១គ្រឿង ម៉ាកវ៉េវ១គ្រឿង ម៉ាកMSX ២គ្រឿង កុំព្យូទ័រលេថប១គ្រឿង(ខូច) ទូរស័ព្ទដៃ១៤គ្រឿង ចង្កៀងម៉ូតូ១៣ កុងទ័រម៉ូតូ៣ ធុងសាំង១ បំពង់ស៊ីម៉ាំងម៉ូតូ៤ ឯកសណ្ឋានយោធា៥ កង់ម៉ូតូ៥គ្រឿង សំបកកង់ម៉ូតូ៣ នាឡិកា១ថង់តូច(ខូច) និងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ ។
នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យបានប្រើ អំពើហិង្សាដោយវាយ ទៅលើ ជនរងគ្រោះ បណ្ដាលឲ្យមានរបួសស្នាម។ ជនរងគ្រោះទ្រាំមិនបាន នូវទង្វើរបស់ប្ដី (ជនសង្ស័យ) បានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភូមិធំ ។ នៅថ្ងៃទី១៧កុម្ភៈ២០១៩ វេលាម៉ោង៩.០០នាទី កម្លាំងប៉ុស្តិ៍ បានចុះតាមស្វែងរកជនសង្ស័យ ដោយជនរងគ្រោះ បានចង្អុលបង្ហាញថា ជនសង្ស័យនៅក្នុងផ្ទះ កម្លាំងប៉ុស្តិ៍ បានបង្កើតគណៈកម្មការដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ភូមិធំ លោកមេភូមិរទាំងត្បូង និងជនរងគ្រោះ បានចូល ដើម្បីត្រួតពិនិត្យឆែកឆេរ ក្នុងផ្ទះរបស់ជនសង្ស័យ ក្នុងគោលបំណង រកជនសង្ស័យតែរកមិនឃើញ ដោយជនសង្ស័យជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់។ ក៏ស្រាប់តែឃើញថ្នាំញៀនចំនួន៨កញ្ចប់ និងឧបករណ៍ សម្រាប់ធ្វើសកម្មភាពឆក់ប្លន់ ជាច្រើន រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ខាងលើ ជាប់ពាក់ព័ន្ធថ្នាំញៀន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនសង្ស័យ ដែលរត់គេចខ្លួន ត្រូវបាននគរបាល ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីចាត់ការបន្ដទៀត ៕ ដោយ៖បញ្ញាស័ក្តិ